(សៀមរាប)៖ នៅព្រឹកទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ”អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ”។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលដ៏មហាសាលមួយទៀតនៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាផ្នែកទេសចរណ៍។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្លាយជាការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាប ជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាមានសក្តានុពលទេសចរណ៍ដទៃទៀត។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប មានចម្ងាយជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់ឡើងក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចំនួន៣រួមមាន៖ ១) ក្រុមហ៊ុនវិនិយោគយុនណាន (Yunnan Investment Group) ។
ដែលមានភាគហ៊ុនចំនួន ៧៦,៦%, ២) ក្រុមហ៊ុនសំណង់ និងវិនិយោគយុនណាន (Yunnan Construction and Investment Holding Group) មានភាគហ៊ុនចំនួន ២០% និង ៣) ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយុនណា (Yunnan Airport Group) ដែលជាប្រតិបត្តិករមានភាគហ៊ុនចំនួន ៣,៤%។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានវិនិយោគក្រោមទម្រង់ សាងសង់-អាជីវកម្ម-ផ្ទេរ/BOT ដោយមានរយៈធ្វើសម្បទានសរុបមានចំនួន ៥៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៧១។
ក្នុងនោះរយៈពេលសាងសង់មានចំនួន៥ឆ្នាំ និងរយៈពេលធ្វើអាជីវកម្មចំនួន៥០ឆ្នាំ។
អាកាសយានដ្ឋានដ៏ធំនេះ ជាការកសាងហេដ្ឋា រចនាសម្ព័ន្ធថ្មីសុទ្ធសាធ លើផ្ទៃដីទំហំ ៧០០,០៦ហិកតា និងមានដីបម្រុងប្រមាណ ១,០០០ហិកតា សម្រាប់ការកសាងតំបន់អភិវឌ្ឍន៍ពហុបំណង (សេដ្ឋកិច្ច- ទេសចរណ៍-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែល អាចហៅថា «ទីក្រុងអាកាសយានដ្ឋាន/ Airport City» នាពេលខាងមុខ។
អាកាសយានដ្ឋាននេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិលំដាប់/ប្រភេទ៤ (4E) ដែលអាចបម្រើការហោះហើររបស់យន្តហោះស្ទើរគ្រប់ប្រភេទ (ក្នុងដំណាក់ការទីមួយ) ចាប់ពីអាកាសយានប្រភេទតូច រហូតដល់ប្រភេទធំៗ ។
ក៏ដូច ជាសម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ (Long Haul/ Long Range Flights) ដែលមានផ្លូវរត់ (Runway) ប្រវែង ៣,៦០០ម៉ែត្រ មាន សមត្ថភាពអាចឱ្យយន្តហោះគ្រប់ប្រភេទចុះចតបានជាមធ្យមចំនួន៣០ ទៅ ៣២ជើង ក្នុង១ម៉ោង (30 to 32 landings capacity per hour)។ មានចំណតអាកាសយាន (Aircraft Stands) ចំនួន៣៨ចំណត ក្នុងនោះមានចំណតជាប់នឹងស្ថានីយ៍មានចំនួន១៥ (with aerobridge) និងចំណតក្រៅស្ថានីយ៍មានចំនួន២៣ (remoted parking/ without aerobridge) ដែលអាចទទួលយន្តហោះធំ ចំនួន១១ចំណត និងយន្តហោះតូចចំនួន ២៧ចំណត។
មានស្ថានីយ៍អ្នកដំណើរមានទំហំ ៨១,៨០០ម៉ែត្រការ៉េ និងមានអគារប៉មបញ្ជាការហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ។
អាកាសយានដ្ឋាននេះ បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ បញ្ចប់ជាស្ថាពរកាលនៅបំណាច់ខែមីនាឆ្នាំ២០២៣នេះ ដោយប្រើរយៈពេល ៣៦ខែស្មើនឹង៣ឆ្នាំ។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ ប្រើប្រាស់បុគ្គលិក-វិស្វករ-កម្មករចន្លោះពី ២,៥០០នាក់ ទៅ ៣,៧០០នាក់ ក្នុងនោះមានបុគ្គលិក-វិស្វករ-កម្មករខ្មែរចំនួន ៧០ភាគរយ និងចិនចំនួន ៣០ភាគរយ អាស្រ័យទៅលើតម្រូវការនៃទំហំការងារជាក់ស្តែង។
បច្ចុប្បន្ននេះបុគ្គលិក-វិស្វករ-កម្មករក្រុមហ៊ុនម៉ៅការពាក់ព័ន្ធទាំងនោះ នៅសល់តែចំនួន ៩០៣នាក់ ក្នុងនោះបុគ្គលិក-វិស្វករ-កម្មករខ្មែរចំនួន ៣៤៦នាក់ និងចិនចំនួន ៥៥៧នាក់។
ដើម្បីសម្រួលការធ្វើដំណើរចេញ-ចូលអាកាសយានដ្ឋាន ទៅកាន់ក្រុងសៀមរាបនោះ ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទៅតភ្ជាប់ផ្លូវជាតិលេខ៦ត្រង់បង្គោលគីឡូម៉ែត្រលេខ២៩៤ ដែលមានប្រវែង២៤.៥គីឡូម៉ែត្រ៕