(ភ្នំពេញ)៖ នៅទីបំផុត! បុរសដែលប្រឌិតរឿងស្ដ្រីឈ្មោះ ម៉ូលីកា ជាមួយមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅស្ដុបក្ដាន់២ ។
ពាក់ព័ន្ធការផាកពិន័យ និងសុំលេខទូរស័ព្ទ ដើម្បីឆាតសារសងក្នុងន័យស្នេហា។
ដែលបង្កឲ្យមានការយល់ច្រឡំ និងតិះតៀនពីសាធារណៈមតិ នៅតាមបណ្ដាញសង្គម Facebook កាលពីពេលកន្លងមកនោះ..!។
ឥឡូវត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយ និងបានបញ្ជូនទៅកាន់តុលាការ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤.០២.២០២៤ ដើម្បីចាត់វិធានការតាមច្បាប់។
-ក្រោយផ្ទុះរឿង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ..!។
រហូតរំលងបានប៉ុន្មានថ្ងៃ វាំងននខ្មៅនៃរឿងរ៉ាវនេះ ត្រូវបានលោកស្នងការលាតត្រដាងការពិត និងបានអះអាងថា សាច់រឿងនេះ ជាការប្រឌិតឡើងទាំងស្រុង.!។
ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្ដាំផ្ញើដល់អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច។
សូមពិចារណាគ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ៕