(ព្រះវិហារ)៖ កម្លាំងចម្រុះស្រុកឆែបបានឃាត់ រថយន្ត១គ្រឿង ដែលដឹកជ្រូករស់ប្រមាណជា១០០ក្បាល។
ខណៈឈ្មួញលួចនាំ ឆ្លងដែន មកពីប្រទេសឡាវ ដោយខុសច្បាប់
តាមផ្លូវទឹក ហើយលើកដាក់រថយន្តដោយចូលមកកម្ពុជា យើង។
មន្ត្រីជំនាញបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងចម្រុះបានឃាត់ រថយន្តមួយគ្រឿងបានដឹកជ្រូករស់ចំនួន៩០ក្បាល ដែលនាំចូមកពីប្រទេសឡាវ និងឃាត់ខ្លួនឈ្មួញ២នាក់។
ការឃាត់រថយន្តលួចដឹកជ្រូកនេះបានធ្វើឡើង នៅត្រង់ផ្លូវបំបែកចូលឧទ្យានជាតិ តេជោសែនឫស្សីត្រឹប ស្ថិតក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ប្រភពដដែលបានបន្តថា នៅក្នុងប្រតិបត្តិការនោះ ដឹកនាំដោយលោក កៅ រីម អភិបាលរង ស្រុកឆែប ចុះឃាត់រថយន្តកូរ៉េទម្ងន់ ៥តោន មួយគ្រឿងផ្លាកលេខព្រះវិហារ 3A-0177 ។
ដែលឈ្មួញលួចដឹកជ្រូកឆ្លងដែនដោយខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា។
ពួកគេបាននាំចូល តាមផ្លូវទឹកត្រង់កំពង់ទូកដរ កំពង់ស្រឡៅ រួចដឹកជញ្ជូនតាមរថយន្តចេញពីស្រុកឆែបបម្រុងឆ្លងកាត់ស្រុកជ័យសែន ស្រុករវៀងនៃខេត្តព្រះវិហារ យកទៅលក់ចែកចាយតាមគោលដៅដោយលួចលាក់។
ក្នុងសកម្មភាពល្មើសច្បាប់នោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនឈ្មួញដឹកជ្រូក២នាក់។
ក្រោយពីឃាត់រថយន្តនោះសមត្ថកិច្ចបានបញ្ជូនជ្រូករស់ និងជនសង្ស័យទាំង២នាក់ទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធី៕