នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយក្នុងសន្និសីទ នៅទីក្រុង Munich ក្នុងប្រទេសអាល្លឺម៉ង់ថា ប្រទេសដាណឺម៉ាក នឹងផ្ទេរកាំភ្លើងធំទាំងអស់របស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន។
ហើយបានអំពាវនាវឱ្យអឺរ៉ុបរួបរួមក្នុងការគាំទ្រ របស់ខ្លួនសម្រាប់ទីក្រុងគៀវ ។
លោកស្រី Frederiksen បានជំរុញឱ្យបណ្តាប្រទេសអ៊ឺរ៉ុប បរិច្ចាគឃ្លាំងអាវុធ គ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាសដែលមានស្រាប់របស់ពួកគេ បែងចែក ទៅឱ្យអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីដាណឺម៉ាក រូបនេះ ក៏បានរិៈគន់ចំពោះបណ្តាប្រទេសក្នុងអឺរ៉ុបមួយចំនួន ។
ដែលប្រើលេសឥតឈប់ឈរ គេចវេស និងពន្យាពេលការផ្តល់ជំនួយជាសព្វាវុធ បន្ទាប់ពីការស្នើសុំពីទីក្រុងគៀវ ។
ដោយលោកស្រីបាននិយាយថា”នេះមិនត្រឹមតែជាចម្ងល់អំពីការផលិតទេ ព្រោះយើងមានសព្វាវុធ ។
យើងមានគ្រាប់រំសេវ យើងមានប្រព័ន្ធការពារអាកាស ដែលយើងមិនចាំបាច់ប្រើខ្លួនឯងនៅពេលដែលយើងគួរប្រគល់ឲ្យអ៊ុយក្រែន”។
សេចក្តីប្រកាសរបស់លោកស្រីបានកើតឡើងនៅពេលដែលអ៊ុយក្រែនបន្តតស៊ូជាមួយនិងការខ្វះខាតគ្រាប់រំសេវនៅជួរមុខ និងប្រឈមមុខនឹងការវាយលុករបស់រុស្ស៊ីនៅភាគខាងកើតនៃប្រទេស។
ប្រទេសដាណឺម៉ាកស្ថិតក្នុងចំណោមអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដោយប្រទេសនេះបានសន្យាថានឹងផ្ទេរយន្តហោះចម្បាំង F-16 ចំនួន 19 គ្រឿងនៅចុងឆ្នាំនេះ និងភ្លាមៗនៅពេលដែលវាបញ្ចប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន។
ទោះជាយ៉ាងណា រុស្ស៊ីបានរិះគន់លោកខាងលិចម្តងហើយម្តងទៀតចំពោះការផ្តល់អាវុធដល់អ៊ុយក្រែន ដោយលើកហេតុផលថា ការធ្វើបែបនេះគ្រាន់តែអូសបន្លាយជម្លោះប៉ុណ្ណោះ៕