(ភ្នំពេញ)៖ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម រួមនិងមន្ត្រីក្រោមឱវាទ ។
បានចេញញត្តិគាំទ្រ ចំពោះបទបញ្ជាលេខ ០១ប.ប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ញត្តិគាំទ្រ របស់ស្នងការខេត្តកំពង់ចាម បានលើកឡើងយ៉ាងដូច្នេះថា«ក្នុងនាមថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងអស់ និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ខ្ញុំបាទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជាលេខ : ០១ ប.ប របស់ រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាម ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅចូលរួមចំណែកឲ្យមានប្រសិទ្ធភាព ក្នុងការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាអាទិភាពនយោបាយដ៏សំខាន់របស់ខ្លួន ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល ដើម្បីធានាបានសុខសុវត្ថិភាពក្នុងសង្គមជាតិទាំងមូល ។
ក្នុងនាមថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងអស់ សូមប្ដេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជានេះជាដាច់ខាត ដោយគ្មានការលើកលែង ចំពោះមន្ត្រីនគរបាលជាតិ ទាំងនៅថ្នាក់ខេត្ត, អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ដោយត្រូវអនុវត្តវិធានការ បញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បន្តប្ដេជ្ញាអនុវត្តការងារត្រួតពិនិត្យគ្រឿងញៀន ជាប់ជាប្រចាំ ចំពោះមន្ត្រីនគរបាលជាតិដែលស្ថិតក្រោមឱវាទ គឺសំដៅពង្រឹងអង្គភាព បង្កើនទំនុកចិត្តប្រសិទ្ធភាព ស្ថាប័ន និងចូលរួមអនុវត្តអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់»ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕