(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២០ ខែកុម្ភ: បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ ពាក់ព័ន្ធប្រើហិង្សា និងកាន់កាប់អាវុធខុសច្បាប់ចំនួន៤ដើម ហើយបានបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤កម្លាំងជំនាញបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ហ័ង ពូ អាយុ៣១ឆ្នាំជនជាតិចិន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ស្ដីពីការប្រើហិង្សាដែលប្រព្រឹត្ត កាលពីថ្ងៃទី១៩ ខែកុម្ភ:នៅម្តុំបុរីដឺផាកស៊ីធីក្នុងភូមិគីឡូម៉ែត្រ៤ ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយពីទទួលបណ្ដឹងកម្លាំងជំនាញបានចុះស្រាវជ្រាវ ហើយបានឃាត់ខ្លួនចិន២នាក់ ជាជនសង្ស័យតាមបណ្ដឹងនៅម្តុំបុរីKN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល។ក្នុងនោះសមត្ថកិច្ចបានដកហូត អាវុធខ្លី៣ដើមវែង១ដើម-ម៉ាក G Lock19-ម៉ាក ANSAR 17 -ម៉ាក G LOCK 17។
-អាវុធវែងម៉ាក ESCORT MAGNUM និងគ្រាប់ចំនួន២គ្រាប់-បង់ចំនួន៣-ដំបងឆក់១ដើម-គ្រាប់អាវុធខ្លី៦០គ្រាប់-ខ្នោះ២គូ-គ្រឿងញៀនប្រភេទម្សៅ ក្រាមសថ្លា៦ថង់កិប-គ្រឿងញៀនប្រភេទគ្រាប់១ថង់កិប-គ្រឿងញៀនប្រភេទម្សៅកេតាមីន១ថង់កិប-ឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងបណ្ណសម្គាល់ខ្លួន។
លោកវរសេនីយ៍ត្រីបានបន្តថា ជនសង្ស័យ-ឈ្មោះ ជា ជីនហ្គ័រ ហៅកាំង អាយុ២៨ឆ្នាំស្នាក់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។
ឈ្មោះ លី អ៊ីនឈុន អាយុ៣៧ឆ្នាំ។ពួកគេ២នាក់ជាជនជាតិចិនស្នាក់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្រោយឃាត់ខ្លួនពួកគេបានសារភាពថា កាលពីមួយឆ្នាំមុន ថៅកែរបស់ខ្លួនបានប្រគល់កាំភ្លើងខ្លីចំនួន៣ដើម-កាំភ្លើងវែង១ដើម និងគ្រាប់មួយចំនួនទុកសម្រាប់ការពារហាង អេផ្លាស។
ពួកខ្លួនបានយកកាំភ្លើងនោះមករក្សាទុក ក្នុងបន្ទប់ជួលស្នាក់នៅ។លុះថ្ងៃទី១៩ ខែកុម្ភ:ពួកខ្លួនខឹងនឹងឈ្មោះ ហ័ង ពូ ដោយខ្ចីលុយមិនបាន ទើបប្រើអាវុធវាយគំរាម អាហៃ និងប្រពន្ធរបស់វាពិតប្រាកដមែន។
ចំណែកគ្រឿងញៀនដែលសម្ថកិច្ចដកហូតនេះ គឺពួកខ្លួនបានទិញមកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ក្រោយពីឃាត់ខ្លួននិងសាកសួរ ផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ រួមវត្ថុតាងទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕