រដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំ G20 នៅប្រទេសប្រេស៊ីល ស្ទើរតែជាឯកច្ឆ័ន្ទ ក្នុងការគាំទ្រ ចំពោះដំណោះស្រាយរដ្ឋពីរ ។
ដែលជាផ្លូវតែមួយគត់ ដើម្បីសន្តិភាពក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ។
នេះបើតាមរដ្ឋមន្ត្រីប្រេស៊ីល ដែលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍។
ថ្លែងនាឱកាស បិទកិច្ចប្រជុំរយៈពេល២ថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។
រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានគូសបញ្ជាក់ដូច្នេះថា វាពិតជា មានការគាំទ្រស្ទើរតែឯកច្ឆន្ទ សម្រាប់ដំណោះស្រាយរដ្ឋ២ ថាជាមធ្យោបាយតែមួយគត់ ដើម្បីបិទបញ្ចប់ជម្លោះ (រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។
លោកបន្តថា សមាជិកទាំងអស់របស់ G20 ក៏បានគូសបញ្ជាក់ផងដែរពីការព្រួយបារម្ភពីសង្រ្គាមនៅហ្កាហ្សា និងលទ្ធភាពនៃការផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា ទាំងមូល។
បើតាមលោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល មានការអំពាវនាវកាន់តែច្រើនឡើងឱ្យមានបទឈប់បាញ់ និងការផ្ដល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា ។
ខណៈប្រទេសភាគច្រើនកំពុងរិះគន់ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើទីក្រុង Rafah។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាលោកយល់ស្របជាមួយបណ្ដាសមាជិក G20 ពាក់ព័ន្ធនឹងតំបន់ហ្កាហ្សា ។
បើទោះជាសហរដ្ឋអាមេរិកទើបតែវេតូប្រឆាំងនឹងដំណោះស្រាយ អំពាវនាវឱ្យមានបទឈប់បាញ់របស់អង្គការសហប្រជាជាតិក៏ដោយ។
ក៏ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាការបិទបញ្ចប់ជម្លោះគឺជាគោលដៅរួម ហើយមធ្យោបាយដើម្បី ។
សម្រេចចិត្តគោលដៅមួយនេះ គឺធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងមួយដែលសហរដ្ឋអាមេរិកកំពុងជួយជ្រោមជ្រែងសម្រេចឱ្យបានរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ស្ដីពីការដោះលែងចំណាប់ខ្មាំង។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ប្រកាសកាលពីពេលថ្មីៗនេះថាអ៉ីស្រាអែលនឹងមិនទទួលស្គាល់ការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយឯកតោភាគីនោះទេ៕