(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែកុម្ភៈ បានចុះបង្ក្រាបទីតាំងសង្ស័យលួចនាំចូលស្តុក និងចែកចាយផលិតផលទឹកដោះគោជូរ រំលោភលើកម្មសិទ្ធិបញ្ញា។
ផលិតផលនេះ បាននាំចូលផ្ដាច់មុខពីក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី។
ទីតាំងដែលបានបង្ក្រាបស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីក្រុមហ៊ុន រួចមក លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាមន្ត្រីក្រោមឱវាទ លោកឧត្ដមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិស្នងការរង ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច។
ក្នុងនោះមានលោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមមានការសម្របសម្រួលនីតិវិធីពី លោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូង ខេត្តបន្ទាយមានជ័យ។
បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបទីតាំង១កន្លែង សង្ស័យលួចនាំចូលស្តុក និងចែកចាយផលិតផលទឹកដោះជូរម៉ាក “Dutch Mill” ដែលរំលោភកម្មសិទ្ធិបញ្ញាខណៈនាំចូលផ្តាច់មុខដោយក្រុមហ៊ុនយូរ អិន ធីហូលសេល ខូអិលធីឌី។
កម្លាំងជំនាញបានពិនិត្យជាក់ស្ដែង និងដកហូតជាបណ្ដោះអាសន្ន នូវប្រភេទទឹកដោះគោជូរម៉ាក Dutch Mill ចម្រុះចំនួន១៥៤កេស ដោយកេសក្រដាស់បិទស្កុតផ្លុំបេនិងយកមកកាន់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យដើម្បីបន្តនីតិវិធី៕