(កំពង់ចាម)៖ ទីបំផុតសំណុំរឿងពាក់ព័ន្ធនឹងការ ចាក់ថ្មរំលោភចូលផ្ទៃទន្លេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំណាត់ការគឺបញ្ជូនដល់ដៃតុលាការហើយ..!។
ក្រោមការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម.!។
-នេះបើយោងតាមការបញ្ជាក់លោក អ៊ុន ចាន់ដា ដែលបានថ្លែងប្រាប់«ដើមរាំង»នៅរសៀលថ្ងៃទី២៣.០២.២០២៤។
បើតាមលោក អភិបាលខេត្តកំពង់ចាម ករណីចាក់ថ្មរំលោភចូលទន្លេគង្គ នេះដែរ។
គឺត្រូវកាយចេញវិញផង និងបញ្ជូនទៅតុលាការផង ពុំមែនសម្របសម្រួលបញ្ចប់រឿងដោយស្ងាត់ៗនោះទេ..!។
គួរម្លឹកថា ថ្មីៗនេះមានការភ្ញាក់ផ្អើលក្រោយបណ្ដាញសង្គមមួយចំនួនផ្សព្វផ្សាយអំពីបុគ្គល មានលុយចាក់ថ្មរំលោភចូលទន្លេមេគង្គ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
-ក្រោយទទួលបានព័ត៌មាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យចុះស្រាវជ្រាវ និងរកឃើញថា ពិតជាមាន ករណីចាក់ថ្មចូលទន្លេប្រាកដមែន! ។
ក្នុងនោះលោក អ៊ុន ចាន់ដា បានបញ្ជាឱ្យកាយថ្មចេញវិញ ដោយទុករយៈពេល៧០ថ្ងៃ ក្នុងបំណងរក្សាសភាពដើមនៃទន្លេ..!។
-សេចក្តីប្រកាសព័ត៌មាន របស់សាលាខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថាៈ បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ភ្លាមៗរដ្ឋបាលខេត្ត បានបាត់តាំង ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ និងផ្ដិតយករូបភាពដោយជួបជាមួយភាគីពាក់ព័ន្ធ និងបានរកឃើញ ពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន។
ដោយសកម្មភាពនេះ បានដំណើរការតាំងពីថ្ងៃទី២ ខែមករាឆ្នាំ២០២៤មកម្លេះ..!។
ការចាក់ថ្មនេះចូលក្នុងផ្ទៃទន្លេ ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយ ទន្លេប្រវែង២៩៤,៦ម៉ែត្រ។
បច្ចុប្បន្នៈ ទើបចាក់បានប្រវែង១៣០ម៉ែត្រ។
សកម្មភាពនៃការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺមិនមានច្បាប់អនុញ្ញាតឡើយ។
ជាវិធានការបន្ទាន់ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្តដូចតទៅ។ ១-បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាក៏ដោយ។
២-ត្រូវកាយនិងយកថ្មដែលបានចាក់រួចហើយនោះ ចេញវិញឱ្យអស់រយៈពេលយ៉ាងយូរ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ។
ដើម្បីបញ្ចៀសផលប៉ះពាល់ថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។
៣-ភាគីចាក់ថ្មត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តងនៅរៀងរាល់ចុងខែនីមួយៗ។
ហើយក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។
រដ្ឋបាលខេត្តសូមគុណដល់ប្រជាពលរដ្ឋ ក៏ដូចអ្នកសារព័ត៌មាន ដែលបានផ្តល់ ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៏មកឱ្យរដ្ឋបាលខេត្ត ដើម្បីមានវិធានទប់ស្កាត់នូវបទល្មើសនានា ក្នុងខេត្តកំពង់ចាម។
លុះពេលនេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បញ្ជាក់ថា សំណុំរឿងបានបញ្ជូនដល់តុលាការហើយ៕