(ភ្នំពេញ)៖ នារសៀលទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅឯវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធិ គ្រូបង្វឹក និង គ្រូជំនួយពីការប្រកួតកីឡា ជ្រើសរើសជើងឯកពិភពលោក ជើងឯកអាស៊ី អាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន។
ក្នុងឱកាសនោះសម្តេចធិបតី បានថ្លែងថា សម្តេចមានសេចក្តីរីករាយ ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីអបអរសាទរកីឡាករ និង កីឡាការិនី ក្នុងពិធី «ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ជូនជ័យលាភីនៃការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និង ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០»
សម្តេចធិបតី បានថ្លែងថា ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចសូមពាំនាំនូវក្ដីនឹករលឹក និង ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តម លោកជំទាវ, លោក លោកសី, គ្រូបង្វឹក, កីឡាករ កីឡាការិនី ទាំងអស់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងអប់រំ យុវជន និងកីឡា និង សហព័ន្ធកីឡាជាតិ, ជាពិសេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានសហការរួមកម្លាំងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ និង ការប្តេជ្ញាចិត្តខ្ពស់ រហូតទទួលបានជ័យជម្នះ និង សមិទ្ធផល លើវិស័យកីឡាគួរជាទីមោទនៈជូនជាតិមាតុភូមិ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (SEA Games 2023) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខ ឧសភា ឆ្នាំ ២០២៣, កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក, ក្នុងនោះយើងទទួល បានមេដាយមាស ៨១ គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង និង មេដាយសំរឹទ្ធ ១២៧គ្រឿង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីការទទួលបានជ័យជម្នះលើការប្រកួត, ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ បានលើកមុខមាត់ កិត្តិយស និង កិត្យានុភាពជាតិ លើឆាកអន្តរជាតិ, ជាពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់ មិត្តភាព, ពង្រឹង និង ពង្រីកទំនាក់ទំនងអន្តរជាតិ, និង ជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លើសពីនេះឧត្តមប្រយោជន៍ជាតិធំមួយទៀត គឺការធ្វើឱ្យយុវជន និង ប្រជាពលរដ្ឋ, បង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ, ការពង្រឹងសាមគ្គីភាព និង មិត្តភាព, ដែលការណ៍នេះ រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និង សុខសន្តិភាពនៅកម្ពុជា។
សម្តេចធិបតី បានថ្លែងថា វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និង ទំនាក់ទំនងអន្តរជាតិ ។ ការចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព, សាមគ្គីភាព, ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និង ប្រជាជន នៃប្រទេសចូលរួមទាំងអស់។
សម្តេចធិបតី បានថ្លែងថា កីឡារួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និង លើកកម្ពស់ សុខភាពល្អនៃធនធានមនុស្ស ដែលជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាពពលកម្ម និង ភាពរឹងមាំ នៃសេដ្ឋកិច្ចជាតិ ។
ប្រជាពលរដ្ឋដែលមានសុខភាពល្អ, រស់នៅដោយភាពរីករាយ, ងាយចាប់ យកចំណេះដឹង និង បច្ចេកវិទ្យាថ្មីៗ, មានការតាំងចិត្ត និង ក្តីសង្ឃឹមខ្ពស់ ក្នុងការបង្កើនមូលធនមនុស្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង បានដើរតួនាទីយ៉ាង សំខាន់នៅក្នុងសង្គមកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កីឡាទទួលបាននូវការចាប់អារម្មណ៍ និង ការគាំទ្រពីសំណាក់ មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ ដោយ ប្រជាជនខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និង ផ្លូវចិត្ត ដូចពាក្យ ស្លោកថា «កីឡា សាងមនុស្ស ហើយមនុស្សសាងសង្គម»
សម្តេចធិបតី បានថ្លែងថា ការកសាងធនធានមនុស្សក្នុងវិស័យកីឡា ត្រូវការរយៈពេលយូរ និង ការវិនិយោគ ច្រើន, ខណៈដែលកម្ពុជាមានអាទិភាពជាច្រើនដែលត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញកសាង សង្គមកម្ពុជាឱ្យបានកាន់តែរឹងមាំ។
សម្តេចធិបតី បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាព, ឯកភាពផ្ទៃក្នុងជាតិ, ស្ថិរភាពនយោបាយ និង កំណើនសេដ្ឋកិច្ច, រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្ដើម យកជ័យជម្នះជូនជាតិមាតុភូមិបន្ថែមទៀត ។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពអប់រំកាយ និងកីឡា, តាមរយៈ ការជំរុញលើកទឹកចិត្ត និងការផ្តល់ ការឧបត្ថម្ភគាំទ្រគ្រប់រូបភាព, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡា នៅតាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឱ្យស្រឡាញ់កីឡា ចូល ចិត្តកីឡា និងលេងកីឡា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ដោយមានក្រសួងអប់រំ យុវជន និង កីឡា ជាសេនាធិការ, បន្តគាំទ្រវិស័យកីឡា កីឡាករ និង កីឡាការិនីយើង ទាំងស្មារតី និង ថវិកា និង សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាឱ្យកាន់តែរីកចម្រើន និង មាននិរន្តភាព ដោយបន្តពង្រឹងការប្រកួតជើងឯកជាតិ-អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិ ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមឱ្យកាន់តែប្រសើរ និង ទទួលបានជ័យជម្នះថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនឹងការរីកចម្រើន និងជ័យជម្នះយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ, សម្តេចសូមផ្តល់អនុសាសន៍បន្ថែមមួយចំនួន ដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនកីឡាករ កីឡាការីនី សម្រាប់យកទៅអនុវត្ត ដូចខាងក្រោម៖
ទី១ ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាមួយ សហព័ន្ធកីឡាជាតិ ត្រូវរៀបចំ យន្តការគាំទ្រ បណ្តុះបណ្តាល និង លើកទឹកចិត្តដល់កីឡាករ និង កីឡាការីនី នៅគ្រប់កម្រិត ដើម្បីពង្រឹងសមត្ថភាព ក្នុងការប្រកួតប្រជែងឱ្យកាន់តែមានគុណភាពខ្ពស់ សម្រាប់លើកស្ទួយ កីឡាជាតិ ទៅក្នុងតំបន់ និង សកលលោក ។
ទី២ ក្រសួងអប់រំ យុវជន និងកីឡា និង សហព័ន្ធកីឡាជាតិ ត្រូវបង្កើនការយកចិត្តទុក ដាក់ សម្រិតសម្រាំង និង បណ្តុះបណ្តាលធនធានយុវជន ដែលមានទេពកោសល្យក្នុងផ្នែកកីឡា ដើម្បីលើកកម្ពស់គុណភាព និង សមត្ថភាពកីឡា សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ និង អន្តរជាតិ នាពេលអនាគត ។
ទី៣ ខ្ញុំសូមលើកទឹកចិត្តឱ្យ គ្រូបង្វឹក បងប្អូនកីឡាករ កីឡាការិនីទាំងអស់ ខិតខំហ្វឹក ហាត់កីឡាតាមជំនាញរបស់ខ្លួនជាប្រចាំឱ្យជាប់មិនដាច់, ពីព្រោះ ការកសាងសមត្ថភាពកីឡា ត្រូវការរយៈពេលយូរ និង ត្រូវត្រៀមខ្លួនរួចជាស្រេចជាមុន ក្នុងការចូលរួមការប្រកួតប្រជែងនានា, ទាំងកម្រិតជាតិ, តំបន់ និង សកល ។
ទី៤ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធកីឡាជាតិ ត្រូវបង្កើនកិច្ចសហការ ទាំងបច្ចេកទេស និង បទពិសោធ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី, គណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសសមាជិក, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍, ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ាន ប៉ារ៉ា និង ស្ថាប័នកីឡាអន្តរជាតិ ក្នុងការបណ្តុះបណ្តាល និង ការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា ដល់កីឡាករ និង កីឡាការិនីកម្ពុជា ឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបាន ដើម្បីឱ្យកីឡាករ និង កីឡាការីនីកម្ពុជា អាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពកាន់តែប្រសើរ ក្នុង ព្រឹត្តិការណ៍អន្តរជាតិនានា នៅថ្ងៃអនាគត ។
សម្តេចធិបតី ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបាននាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ជូនជាតិមាតុភូមិយើង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ពាំនាំនូវប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលចំនួន ៣ ១៩៩ លានរៀល (ប្រមាណ៧៨ម៉ឺនដុល្លារ) មកប្រគល់ជូនជ័យលាភីមេដាយមាស, មេដាយប្រាក់ និង មេដាយសំរឹទ្ធិ ដែលទទួលបានពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯក ពិភពលោក និង ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០៕