(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យចំនួន៩៤នាក់ ត្រូវបានកម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលពេញមួយសប្ដាហ៍មកនេះ ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ចំនួន៦១ករណី គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល បានឱ្យដឹងថាទៀត បទល្មើសដែលបានបង្ក្រាប និងជនសង្ស័យដែលបានចាប់ខ្លួន ភាគច្រើនពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើលួចច្រើនជាងគេគឺចំនួន១៩ករណី។ បន្ទាប់មក ហិង្សាលំដាប់ទី២ គឺ១៥ករណី។
ក្រៅពីនេះមាន ប្លន់៧ករណី ឃាតកម្ម៥ករណី រំលោភពសេពសន្ថវៈ៤ករណីនិងបទល្មើសផ្សេងៗទៀត។ លោកបន្ថែមថា ចំនួនជនសង្ស័យដែលចាប់ខ្លួន បានកើនឡើងជាង៣០នាក់ធៀបនឹងសប្ដាហ៍មុន។
លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា នេះជាឆន្ទៈរបស់នគរបាលក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលបានកំណត់អំពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
ស្របគ្នានេះ ក៏ជាការអនុវត្តទិសដៅមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនាដើមអាណត្តិទី៧នេះ ក្រោមការដឹកនាំយ៉ាងស្វាហាប់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី៕