(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន ដោយដកហូតវត្ថុតាងជាង២គីឡូក្រាម និងចាប់ឧក្រិដ្ឋជនជាតិចិនម្នាក់។
មន្ត្រីក្នុងប្រតិបតិ្តការ បានឱ្យដឹង កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន។
បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម នៅ២កន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។
មន្ត្រីដដែលបនបន្តថា ដោយទទួលបញ្ជាពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់នៃឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងនគរបាលក្រសួងមហាផ្ទៃ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានសហការបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា។
ទី១-មុខសណ្ឋាគារកាសា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២-នៅខុនដូរមួយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការកម្លាំងជំនាញបានឃាត់ ជនសង្ស័យម្នាក់ឈ្មោះ តាក ជ័ង DA ZHANG អាយុ៣០ឆ្នាំ ជាជនជាតិចិន។
ជាមួយនោះដកហូតវត្ថុតាងគ្រឿងញៀនច្រើនប្រភេទ សរុបទម្ងន់២គីឡូ៨១.៤១ក្រាម។បន្ទាប់ពីសាកសួរ និងត្រួតពិនិត្យរួច ផ្នែកជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕