(ភ្នំពេញ)៖ នៅព្រឹកទី២៩.០២.២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ។
ដែលបានយាងចូលទិវង្គត កាលពីវេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថាខ្ញុំផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋ ព្រះសង្ឃ និងពុទ្ធសាសនិកទាំងអស់ ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ។
ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ។
ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនាបានគង់វង្ស និងចម្រើនរុងរឿងពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្ថជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។
សូមឧទ្ទិសថ្វាយព្រះរាជកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍កុំបីឃ្លៀង ឃ្លាតឡើយ៕