Update៖ អ៊ុយក្រែនប្រើដ្រូនវាយប្រហារ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៉ី បណ្ដាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ!

កាលពីថ្ងៃពុធ អ៊ុយក្រែន បានប្រើដ្រូនវាយប្រហារ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីជាលើកទី២។
បណ្តាលឱ្យឆេះ រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុត របស់ Rosneft។

តម្លៃប្រេងបានកើនឡើង 2% មួយផ្នែក ដោយសារ តែការព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់ ។
បន្ទាប់ពីការវាយប្រហារ ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ជាការប៉ុនប៉ង ដើម្បីរំខានដល់ការបោះឆ្នោត ប្រធានាធិបតីរបស់ប្រទេសលោក ក្នុងសប្តាហ៍នេះ។

រុស្ស៊ី និងអ៊ុយក្រែន បានប្រើប្រាស់យន្តហោះដ្រូន ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគ្នាទៅវិញទៅមក នៅក្នុងសង្គ្រាមជាងពីរឆ្នាំរបស់ពួកគេ។
ហើយនៅក្នុងប៉ុន្មានខែថ្មីៗនេះ ទីក្រុងគៀវបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេង និងកន្លែងថាមពលរបស់រុស្ស៊ី។

មួយថ្ងៃបន្ទាប់ពីបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រចម្រាញ់ប្រេង NORSI របស់ក្រុមហ៊ុន Lukoil យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ក៏បានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង Ryazan​របស់ក្រុមហ៊ុន Rosneft ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតទីប្រាំពីរ នៅក្នុងប្រទេសរុស្ស៊ីដែលមានចម្ងាយ ១៨០ គីឡូម៉ែត្រពីទីក្រុងម៉ូស្គូ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី​បាននិយាយថា ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះយន្តហោះគ្មានមនុស្សបើកប្រមាណ៦០គ្រឿង​ត្រូវបានបំផ្លាញលើដែន​អធិបតេយ្យភាព​រុស្ស៊ី។

លោក Pavel Markov អភិបាលនៃតំបន់ Ryazan ដែលមានព្រំប្រទល់ជាប់តំបន់មូស្គូភាគខាងជើង បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា «រោងចក្រចម្រាញ់ប្រេង Ryazan ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក»។
លោក​បាន​បន្ថែមដោយ​មិន​បាន​បញ្ជាក់​លម្អិត​ថា«​អគ្គិភ័យ​បាន​ឆាបឆេះ​ ហើយ​បើ​តាម​ព័ត៌មាន​បឋម​មាន​អ្នក​របួស»។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៤ គ្រឿង បានវាយប្រហាររោងចក្រកាលពីព្រឹកព្រលឹម បណ្តាលឱ្យមានភ្លើងឆេះទំហំ ១៧៥ ម៉ែត្រការ៉េ។ ភ្លើងត្រូវបានពន្លត់​ប៉ុន្មានម៉ោងក្រោយមក។
វាមិនទាន់ដឹងច្បាស់ថាតើវានឹងមានឥទ្ធិពលអ្វីមកលើចង្វាក់ផលិតកម្ម​នោះទេ។

ទោះជាយ៉ាងណា ខ្សែវីដេអូដែលមិនបានផ្ទៀងផ្ទាត់ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីផ្សែងខ្មៅហោះឡើងពីលើអណ្តាតភ្លើង នៅឯរោងចក្រ Ryazan ។
ដែលចម្រាញ់ប្រេងប្រហែល ១២.៧ លានតោនក្នុងមួយឆ្នាំ ឬ ៤.៦ ភាគរយនៃចំនួនសរុបរបស់រុស្ស៊ី នេះបើយោងតាមប្រភពឧស្សាហកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version