នៅថ្ងៃចន្ទនេះ ប្រទេសចិន បានប្រកាសអបអរសាទរ ចំពោះលោក វ្ល៉ាឌីមៀ ពូទីន ដែលឈ្នះការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី និងបានពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ។
លោក ពូទីន បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ ដែលវាហាក់បង្ហាញ នៃការពង្រឹងការក្តោបក្តាប់អំណាចយ៉ាងតឹងរ៉ឹងរបស់លោក ពូទីន នៅក្នុងជ័យជម្នះមួយនេះ ។
ខណៈដែលទីក្រុងម៉ូស្គូ បានក្រោកឈរប្រឆាំងនឹងពួកលោកខាងលិច ដោយការបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្ញើសារអបអរសាទរលោក Putin ក្នុងការបោះឆ្នោតឡើងវិញជាប្រធានាធិបតីរុស្ស៊ី ។
យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី Xi Jinping និងប្រធានាធិបតី Putin ទំនាក់ទំនងចិន-រុស្ស៊ី នឹងបន្តទៅមុខ” អ្នកនាំពាក្យក្រសួងការបរទេសចិន Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅពេលសួរអំពីការបោះឆ្នោត។
គួរជម្រាបថា ចិន និងរុស្ស៉ី គឺជាប្រទេសជិតខាងធំជាងគេបង្អស់សម្រាប់គ្នា ហើយជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៅក្នុងយុគសម័យថ្មីនេះ។
យើងជឿជាក់ យ៉ាងរឹងមាំថា នៅក្រោមមគ្គទេសក៍យុទ្ធសាស្រ្ត របស់ប្រធានាធិបតី ស៉ី ជិនពីង និងប្រធានាធិបតី ពូទីន ទំនាក់ទំនងចិន-រុស្ស៉ី នឹងបន្តបោះជំហានទៅមុខ។
លោក Lin ក៏បានកត់សម្គាល់ផងដែរថា ឆ្នាំ២០២៤នេះ គឺជាខួបទី៧៥ហើយ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ខណៈ៩៩ភាគរយនៃមណ្ឌលបោះឆ្នោត បានបញ្ជូនលទ្ធផលរាប់សន្លឹកឆ្នោតរបស់ខ្លួន លោក ពូទីន ត្រូវបានមើលឃើញថា ទទួលបានសំឡេងគាំទ្ររហូតដល់ ៨៧.៣៣ភាគរយ នៃចំនួនសន្លឹកឆ្នោតទាំងអស់ ។
ខណៈគូប្រជែង៣រូបទៀត គឺម្នាក់ៗទទួលបានសំឡេងគាំទ្រមិនដល់៥ភាគរយឡើយ។
តាមរយៈជ័យជម្នះនេះ លោក ពូទីន ដែលមានអាយុ៧១ឆ្នាំ នឹងត្រូវកាន់អំណាចដឹកនាំប្រទេសរុស្ស៉ី ៦ឆ្នាំបន្ថែមទៀត ហើយអាចនឹងវ៉ាដាច់អតីតមេដឹកនាំសូវៀត Josef Stalin ក្លាយជាមេដឹកនាំរុស្ស៉ី កាន់អំណាចយូរជាងគេបំផុត ក្នុងរយៈពេល ២០០ឆ្នាំ ប្រសិនបើលោកដឹកនាំបានពេញមួយអាណត្តិថ្មីនេះ៕