(ភ្នំពេញ)៖ ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងទៅនេះ ក្រុមក្មេងទំនើងសរុបចំនួន៧៥នាក់ ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ។
ក្រោយពីពួកគេធ្វើសកម្មភាពរំខានដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដែលប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងទៀតថា ក្រុមក្មេងទំនើងទាំងនោះ បានប្រព្រឹត្តសកម្មភាពជាក្រុមផ្សេងៗគ្នាសរុបចំនួន២៣ករណី ក្នុងនោះនៅរាជធានីមាន១១ករណី ឃាត់ខ្លួន១៥នាក់ ខេត្តស្វាយរៀងមាន៣ករណី ឃាត់ខ្លួន៣នាក់ បាត់ដំបងមាន២ករណី ឃាត់ខ្លួន៤៤នាក់ ត្បូងឃ្មុំមាន២ករណីឃាត់ខ្លួន៥នាក់ កណ្ដាលមាន២ករណី ឃាត់ខ្លួន៥នាក់ ពោធិ៍សាត់មាន២ករណី ឃាត់ខ្លួន២នាក់ និងខេត្តកំពង់ធំមាន១ករណី ឃាត់ខ្លួន១នាក់។
គួរកត់សម្គាល់ថា ពីដើមឡើយ ជំនួសឱ្យពាក្យក្មេងទំនើង ចាស់ៗ ឬអ្នកដឹកនាំភូមិ ឃុំ សង្កាត់ ច្រើនតែសម្គាល់ក្រុមអុកឡុកសង្គម ដោយពាក្យ ក្រុមជនពាល ពួកអន្ទពាល ឬពួកយូកូងជាដើម។
បច្ចុប្បន្នពាក្យ «ក្មេងទំនើង» ត្រូវបានរាជរដ្ឋាភិបាល កំណត់ប្រើជាផ្លូវការ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ពួកគេភាគច្រើនជាក្មេងមិនស្ដាប់ការអប់រំ ទទួលឥទ្ធិពលគ្រឿងញៀន និងឥទ្ធិពលនៃការធ្វើសកម្មភាពអសីលធម៌តៗគ្នាលើបណ្ដាញសង្គម។
នាឱកាសបូកសរុបសន្និបាតក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរួមទាំងកម្លាំងនគរបាលតាមឃុំ សង្កាត់ បន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើងនៅតាមសហគមន៍៕