ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់លោកខាងលិច ឱ្យផ្តល់ប្រព័ន្ធការពារអាកាស បន្ថែមទៀតដល់អ៊ុយក្រែន។
បន្ទាប់ពីរុស្ស៊ី ប្រើមីស៉ីល បាញ់ផ្លោងចូលដល់ទីក្រុងគៀវ បណ្ដាលឱ្យរបួស១៧នាក់។
កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបាញ់ទម្លាក់មីស៉ីលរុស្ស៊ីចំនួន៣១គ្រាប់ ដែលហោះសំដៅមកទីក្រុងគៀវ។
លោក ហ្សេលេនស្គី បានបង្ហោះសារយ៉ាងដូច្នេះថា ស្ថានការណ៍អាក្រក់បែបនេះ បាននិងកំពុងបន្តរាល់ថ្ងៃរាល់យប់។
វាអាចទៅរួចក្នុងការបញ្ចប់រឿងបែបនេះ តាមរយៈសាមគ្គីភាពជាសកល ព្រោះរុស្ស៊ីមិនមានមីស៊ីលដែលអាចឆ្លងផុតប្រព័ន្ធ Patriot និងប្រព័ន្ធការពារអាកាសទំនើបៗផ្សេងទៀតរ បស់ពិភពលោកឡើយ។ ពេលឥឡូវ ប្រព័ន្ធការពារទាំងនេះ គឺចាំបាច់ណាស់នៅអ៊ុយក្រែន រាប់ចាប់ពី Kyiv ដល់ Kharkiv ពី Sumy ដល់ Kherson និងពី Odesa ដល់ Donetsk។
វាអាចទៅរួចទាំងស្រុង ប្រសិនបើដៃគូយើង ហ៊ានបង្ហាញឆន្ទៈនយោបាយគ្រប់គ្រាន់»។
គួរបញ្ជាក់ថា វាគឺជាការវាយប្រហារមីស៊ីលលើកដំបូង មកលើរដ្ឋធានីរបស់អ៊ុយក្រែន គិតចាប់តាំងពីអំឡុងដើមខែកុម្ភៈ ឆ្នាំនេះ។ ដោយឡែក ការវាយប្រហារមីស៊ីលរបស់រុស្ស៊ី លើទីក្រុង Kharkiv បានសម្លាប់មនុស្សយ៉ាងហោច៥នាក់ និងបង្កឱ្យរបួស៨នាក់ កាលពីថ្ងៃពុធ។
ការវាយប្រហារទាំងនេះកើតមានឡើង បន្ទាប់ពីអំលុងពេល២សប្តាហ៍មកនេះ អ៊ុយក្រែនបានបង្កើនសកម្មភាពវាយប្រហារតាមផ្លូវអាកាស ទៅលើតំបន់របស់រុស្ស៊ីដែលនៅជាប់ព្រំដែន ព្រមទាំងទីតាំងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី៕