សម្តេចតេជោ បានអញ្ជើញទៅដល់ក្រុងបូអាវ ដោយសុវត្ថិភាព!

(ហៃណាន)៖ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម​ឧត្តម​​​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅដល់ទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។

ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិបូអាវ សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ពីសំណាក់លោកស្រី ហ្ស៉ី ជីង អភិបាលរងខេត្តហៃណាន ភារធារីស្តីទីនៃស្ថានទូតកម្ពុជាប្រចាំប្រទេសចិន និងអគ្គកុងស៊ុលប្រចាំទីក្រុងហៃគូ ខេត្តហៃណាន។

នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូធ្វើដំណើរទៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ដើម្បីចូល​រួម​ចូល​រួមវេទិកាបូអាវប្រចាំឆ្នាំ តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ​សម្រាប់អាស៊ី។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់​ពីថ្ងៃ​ទី២៧ ​ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។ អញ្ជើញអមដំណើរសម្ដេចតេជោ រួមមាន លោក ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជន​ជាន់​ខ្ពស់​នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

ក្រសួងការបរទេស បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ​ក្នុងពិធីបើកសន្និ​សីទក្រោម​មូល​បទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។
វេទិកានេះ​នឹង​មាន​ការចូល​រួម​ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បី​ពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ស្របពេលអញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និង នាយឧត្ដម​សេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២នៃគណៈ​កម្មា​ធិការយោធាមជ្ឈឹមបក្ស និងលោក ហ្វឹង ហ្វី លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏នឹងអញ្ជើញបំពេញ ទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រ​កសិកម្មត្រូពិច​ចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ​កម្ពុជា​-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា។

សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែល​មិនស្វែងរក​ប្រាក់​ចំណេញ។ បូអាវ បានក្លាយជាវេទិកាលំដាប់ខ្ពស់មួយសម្រាប់កិច្ចសន្ទនាគ្នា ក្នុងចំណោមថ្នាក់ដឹកនាំ​រដ្ឋាភិបាលកម្រិតជាតិ ក្នុងរង្វង់ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម និងធុរកិច្ច រួមទាំងបញ្ញាវន្តនៃបណ្តាប្រទេស​នៅទ្វីបអាស៊ី និងទ្វីបដទៃទៀត ដែលធ្វើការសន្ទនាគ្នាអំពីបញ្ហាសំខាន់ៗ ក្នុងតំបន់អាស៊ី និងពិភពលោក​ទាំង​មូល។

វេទិកាបូអាវសម្រាប់អាស៊ី មានគោលដៅលើកកម្ពស់ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការដោះដូរ សេដ្ឋកិច្ច កិច្ច​សម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅក្នុងតំបន់អាស៊ី និងរវាងអាស៊ី និងតំបន់​ផ្សេង​​ទៀតនៅជុំវិញពិភពលោក។

វេទិកាបូអាវសម្រាប់អាស៊ី ត្រូវបានស្នើបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយអតីតប្រធានាធិបតីហ្វីលីពីន លោក Fidel V. Ramos លោក Bob Hawke អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី និងលោក Morihiro Hosokawa អតីតនាយករដ្ឋមន្ត្រីជប៉ុន។ វេទិកាបូអាវ សម្រាប់អាស៊ី ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ២០០១ និងមានទីស្នាក់ការអចិន្ត្រៃយ៍នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។
ចាប់ពីឆ្នាំ២០០២មក វេទិកាបូអាវសម្រាប់អាស៊ី បានរៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងបូអាវ។

វេទិកាបូអាវ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមីនានេះ មានភ្ញៀវកិត្តិយសចូលរួមប្រមាណ ២,០០០នាក់ មកពីប្រទេស និងតំបន់ចំនួន៦០ ហើយអ្នកកាសែត ១,១០០នាក់ មកពី៤០ប្រទេស និង​តំបន់ក៏នឹងចូលរួមផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *