(ភ្នំពេញ)៖ បើទោះបីជា«ដើមរាំង»ធ្វើការចុះផ្សាយ ដោយបង្ហាញទីតាំងល្បែង”អនឡាញ”ជល់មាន់ទូរទស្សន៍ រួមនិងទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ យ៉ាងច្បាស់ៗក៏ដោយ! ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាន មិនអើពើទប់ស្កាត់ ឬបង្ក្រាបនោះឡើយ.!។
ជាហេតុនាំឱ្យក្រុមឈ្មួញ ជាថៅកែល្បែង បន្តប្រមូលលុយ ពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការបើកល្បែង”អនឡាញ”បញ្ជល់មាន់ទូរទស្សន៍ដោយខុសច្បាប់ និងការដាក់ទីតាំង កត់ឆ្នោតកន្ទុយលេខវៀតណាម ដោយខុសច្បាប់.ទទួលចាក់លុយធំៗ។
សូមជម្រាបថា ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ដុះស្លែនៅ”បុរីឈូកមាស”ផ្លូវCនឹងផ្លូវD ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទទួលចាក់លុយធំ ទាំងម៉ោងថ្ងៃ និងម៉ោងយប់..!។
ខណៈទីតាំងល្បែងស៊ីសង”អនឡាញ”បញ្ជល់មាន់ទូរទស្សន៍ដុះស្លែត្រង់ចំណុចខាងក្រោយ មន្ទីរពេទ្យសែនសុខ ប្រហែល២០ម៉ែត្រ តាមបណ្ដោយផ្លូវ១០១១ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏កំពុងបើកដំណើរការ យ៉ាងគគ្រឹកគគ្រេងផងដែរ..!។
សេចក្ដីរាយការណ៍បញ្ជាក់ប្រាប់«ដើមរាំង»ថា ទីតាំងកត់ឆ្នោតកន្ទុយលេខវៀតណាម ត្រង់ចំណុចខាងលើ និងទីតាំងល្បែង”អនឡាញ”ត្រង់ចំណុចខាងលើ។
បានបើកអាជីកម្ម លេងល្បែងស៊ីសង ខ្នាតធំដោយខុសច្បាប់ ជាយូរឆ្នាំមកហើយ ដោយលេងតាំងពីព្រលឹមទល់ព្រលប់ គេមិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបឬហាមឃាត់នោះទេ..!។
បណ្ដាលឱ្យ អ្នកភ្នាល់ល្បែង”អនឡាញ”បញ្ជល់មាន់ទូរទស្សន៍ឈ្នះ ឬចាក់ឆ្នោតត្រូវ សប្បាយហ៊ោ កញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ…!។
រីឯអ្នកភ្នាល់ល្បែង”អនឡាញ”ចាញ់ ក៏ដូចជាអ្នក”ដេកសុបិន”ចាក់ឆ្នោតខុសវិញ.កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សា ក្នុងគ្រួសារក៏មាន។
យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខ ក្នុងមូលដ្ឋានជាដើម។
ហេតុនេះពលរដ្ឋដែលមានប្ដី ឬប្រពន្ធជាអ្នកញៀនល្បែងស៊ីសង!
សូមស្នើដល់លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ជាពិសេសលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងចុះបង្ក្រាបល្បែង”អនឡាញ”និងឆ្នោតកន្ទុយលេខវៀតណាមនានា ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រួមនិងល្បែងស៊ីសងទាំង២ទីតាំងខាងលើ ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព!។ទាក់ទិនករណីនេះ នៅល្ងាចទី២២.១១.២០២៣លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ នៅតែបន្តអះអាងដូចលើកមុនថា លោកមិនបានដឹងទេ ចាំចុះស្រាវជ្រាវ!។
ចំណែកលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានថ្លែងថាចាំលោកទាក់ទងទៅ លោកអធិការខណ្ឌសិន!។
ការឆ្លើយមិនដឹងពីសំណាក់លោក ហួរ ម៉េងវ៉ាង នៅពេលនេះជារឿងមិនសមហេតុផលនោះទេ ដូនមនុស្សធ្វើជា(ដេកលក់)។
ព្រោះថា កាលពីថ្ងៃទី១៣.១១.២០២៣«ដើមរាំង» បានរាយការណ៍ជូនលោក និងចុះផ្សាយបង្ហាញទីតាំងល្បែងខាងលើយ៉ាងច្បាស់ផងដែរ ។
ដោយពេលនោះលោកអធិការថា នឹងចុះស្រាវជ្រាវ លុះឥឡូវលោកថា និងចុះស្រាវជ្រាវទៀត ខណៈសកម្មភាពនៃការបើកល្បែង កំពុងបន្តរាល់ថ្ងៃ..!។
យ៉ាងណាក្ដីៈ ពលរដ្ឋបាននិយាយថាៈ ល្បែងអនឡាញ បញ្ជល់មាន់ទូរទស្សន៍ រួមនិងល្បែងឆ្នោតកន្ទុយលេខវៀតណាមទាំងនោះ មិនអាចរំលងភ្នែកសមត្ថកិច្ចបានទេ.ហើយបើសមត្ថកិច្ច មានចេតនា ចង់បង្ក្រាបឬទប់ស្កាត់ គឺងាយដូចបកចេកអញ្ចឹង៕