(ព្រៃវែង)៖ ពលរដ្ឋបានរិៈគន់ជាខ្លាំងទៅលើលោក អន គៀង នាយកវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង ចំពោះការយកភាស៊ី”កង់ម៉ូតូ”ពីសិស្សានុសិស្សក្នុងតម្លៃខ្ពស់កប់ពពក..!។
ដោយប្រើយុទ្ធសាស្ត្រច្របាច់ក.ចិនលានអណ្ដាតខ្មែរ ដេញភាស៊ីម្ដងៗរាប់ម៉ឺនដុល្លារក្នុង១ឆ្នាំៗ មិនដឹងយកលុយទៅណា..?! ។
ជាហេតុនាំឱ្យម្ចាស់ភាស៊ី ប្រឹងគាបយកលុយពីសិស្ស ថ្លៃផ្ញើកង់ម៉ូតូ រហូតមានប្រតិកម្មត្អូញត្អែរ ពីឪពុកម្ដាយសិស្ស..!។
ជាក់ស្ដែង រាល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង រួមនិងការចំណាយលើការសិក្សា សុទ្ធតែជាលុយសប្បុរសជន លុយ PB និងលុយគម្រោងទាំងអស់-នេះបើតាមការលើកឡើងពីពលរដ្ឋ..!។
ករណីនេះលោក អន គៀង បានទទួលស្គាល់ថា ពិតជាមានការយកភាស៊ី លើសផែនការប្រាកដមែន!។
សូមជម្រាបថា វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង មានទីតាំងនៅជាប់ផ្លូវជាតិលេខ៨ ក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៨ ខែវិច្ឆិកា លោក អន គៀង នាយកវិទ្យាល័យ តែងតែដាក់ឱ្យដេញថ្លៃ ភាស៊ីកង់ម៉ូតូ តម្លៃចាប់ពី៤០លានរៀល ទៅ៥០លានរៀល! ។
ហើយនៅឆ្នាំនេះតម្លៃភាស៊ីកង់ម៉ូតូឈ្មោះ អ៊ិត ដានីន ហ៊ានដេញដល់ទៅ ៥៧.១០០.៩០០៛ ឯណោះ!។
កត្តានៃការដេញថ្លៃខ្ពស់បែបនេះហើយ ទើបម្ចាស់ភាស៊ី ខំប្រឹងគាប និងប្រមូលលុយពីសិស្សថ្លៃផ្ញើកង់ម៉ូតូ ក្នុងតម្លៃខ្ពស់ ដើម្បីបានប្រាក់ចំណេញផង និងបានប្រាក់ដើម្បីបង់ឱ្យលោកនាយកសាលាផង..!។
ពលរដ្ឋបញ្ជាក់ថា រាល់ថ្ងៃនេះអ្នកយកភាស៊ី បានកំណត់យកលុយពីសិស្ស ដោយ ម៉ូតូ១គ្រឿង ចំនួន១.០០០៛ ក្នុង១ថ្ងៃ ក្នុងនោះវេនរៀនព្រឹក៥០០៛ និងវេនរៀនល្ងាច៥០០៛ទៀត។
ខណៈជាគោលការ គេតម្រូវឱ្យយកម៉ូតូ១គ្រឿងត្រឹមតែ៤០០៛ប៉ុណ្ណោះក្នុង១ថ្ងៃ ដោយព្រឹក២០០៛ និងល្ងាច២០០៛។
អាណាព្យាបាលសិស្សបន្តថាៈ មិនត្រឹមតែទទួលបានប្រាក់ ពីការប្រមូលភាស៊ីរាប់ម៉ឺនដុល្លារ ក្នុង១ឆ្នាំៗប៉ុណ្ណោះទេ!។
លោក អន គៀង នាយកវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង ថែមទាំងបានជួលតូបលក់ដូរ ក្នុងសាលា ចំនួន១២តូបផងដែរ!។
ដោយតូប១តម្លៃ៦០ម៉ឺនរៀលក្នុង១ឆ្នាំ បច្ចុប្បន្នៈតូបចំនួន១០ កំពុងលក់ដូររាល់ថ្ងៃ.និងល្បីថាលោក អន គៀង បានលក់តូបផ្ដាច់ឱ្យគេ យកលុយធំទៀតផង.!។ជាការឆ្លើយតប នៅថ្ងៃទី២៣.១១.២០២៣លោក អន គៀង នាយកវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ពារាំង បានថ្លែងទទួលស្គាល់ថា ពិតជាមានករណីយកភាស៊ីកង់ម៉ូតូ ក្នុងតម្លៃខ្ពស់លើសផែនការប្រាកដមែន ប៉ុន្តែលោកបានធ្វើការអប់រំ រួចហើយ..!។
-ចំពោះសំនួរថា តើប្រាក់ភាស៊ី រួមនិងប្រាក់ជួលតូប តើយកទៅចំណាយលើអ្វីខ្លះ..? ។
-ត្រង់ចំណុចនេះលោក អន គៀង បានឆ្លើយរដិបរដុបថា សាលាខ្ញុំធំសិស្សជាង១.០០០នាក់។
អញ្ចឹងលុយទាំងនោះ យកមកប្រើការផ្សេងៗ ដោយលោកនាយក ពុំបានបញ្ជាក់ថា ប្រើការលើអ្វីនោះទេ!។រីឯលោក នេត នឿន មេឃុំរកា បានថ្លែងប្រាប់«ដើមរាំង»ថាលុយទាំងនោះគេយកមកចំណាយ ប៉ុន្តែលោកមិនដឹងចំណាយលើអ្វីខ្លះឡើយ..!។ចំណែកលោក ផែង អូន ប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុកពារាំង.បានថ្លែងថា លុយភាស៊ីទាំងនោះ គេយកមកចំណាយ លើហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលានិងបរិស្ថាន!។ចំពោះលោក ប៉ាវ សុធីរ ប្រធាបមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រៃវែង.មិនអាចសុំការបកស្រាយបានទេ ដោយទូរស័ព្ទចូលហើយ លោកមិនទទួល!។
ទាក់ទិនករណីខាងលើ ពលរដ្ឋសូមស្នើយ៉ាងទទូចដល់ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមមេត្តាចាត់វិធានការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ ចំពោះប្រាក់ភាស៊ីកង់ម៉ូតូ ប្រាក់ជួលតូប ថាតើចំណាយទៅលើអ្វីឱ្យប្រាកដ.?។
ពិសេសសូមឱ្យយកភាស៊ី កង់ម៉ូតូក្នុងតម្លៃទាប ត្រឹម៤០០៛ ក្នុង១ថ្ងៃ សម្រាប់ម៉ូតូ១គ្រឿងបានហើយ៕