(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣ម្សិលមិញ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ថា ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការធ្វើដំណើរបានកាន់តែប្រសើរដល់ពលរដ្ឋកម្ពុជា តាមរយៈការតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗក្នុងប្រទេស ក៏ដូចជាតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ។
គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ជាផ្លូវអាស៊ានហាយវ៉េលេខ១ មានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
ផ្លូវមួយនេះមានចំណុចចាប់ផ្ដើមពីស្ពានព្រែកក្តាម ខេត្តកណ្ដាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវបានបែងចែកចេញជា៣កំណាត់គឺ។
-កំណាត់ផ្លូវភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អមប្រវែង១៣៥,២៥គីឡូម៉ែត្រ ចាប់ផ្ដើមពីស្ពានព្រែកក្តាម ឆ្លងកាត់ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់។
កំណាត់ផ្លូវភាគកណ្តាល ធ្លាម្អម-បាត់ដំបង ប្រវែង១១០,៩០គីឡូម៉ែត្រចាប់ផ្ដើមពីធ្លាម្អម ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
កំណាត់ផ្លូវភាគខាងជើង បាត់ដំបង-សិរីសោភ័ណប្រវែង៨៤,៧៤គីឡូម៉ែត្រ ចាប់ផ្ដើមពីខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥ លើកំណាត់ផ្លូវភាគកណ្តាល និងភាគខាងត្បូង តភ្ជាប់នឹងកំណាត់ផ្លូវភាគខាងជើង។
ការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការរួចរាល់កាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុន សែន។ក្នុងពិធីនេះដែរ សម្ដេចមហាបវរធិបតី ក៏បានប្រកាសបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ដែលមានប្រវែង៣៥,១៤គីឡូម៉ែត្រ៕