(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ខេត្តក្រចេះ។
នៅថ្ងៃទី០៩.០៤.២០២៤ បានផ្ញើសារលិខិតជូនពរ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ។
-នៅក្នុងលិខិតនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា«ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីគោរព ស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ! ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស.២០២៤ ខ្ញុំពិតជាមាន សេចក្តីសោមនស្សរីករាយ។
សូមជូនពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គល និងវិបុលសុខគ្រប់ប្រការ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការបំពេញ ការងាររបស់ខ្លួននាពេលកន្លងមក ប្រកបដោយមនសិការ ឆន្ទៈមោះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងនាម ជាសមាជិក សមាជិកា របស់បក្ស រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនជូនគណបក្សប្រជាជនកម្ពុជារបស់ យើង។
ជាពិសេសបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ ការពារ និងជំរុញនូវការអនុវត្តកម្មវិធីនយោបាយ នានារបស់គណបក្ស ។
ដែលជាឧត្តមប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាជនយើង ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា។
ជាថ្មីម្តងទៀត ក្នុងវេលាប្រកបដោយសិរីសួស្តីនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី សូមមេត្តាតាម ជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ ជាទីស្រលាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ កម្ពុជាយើង។
សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលនូវសេចក្តីគោរពរាប់អានដ៏ស្មោះពីខ្ញុំ»៕