(កំពង់ចាម)៖ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម បានផ្ញើសារលិខិត អរគុណដល់មន្ត្រីក្រោមឱវាទ ។
ដែលបានការពារសណ្ដាប់ធ្នាប់សាធារណៈសន្តិសុខបានល្អ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សង្ក្រាន្តឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅ ដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ។
-នេះបើយោងតាមលិខិត របស់លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី នៅថ្ងៃទី១៧.០៤.២០២៤។
លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី បានលើកឡើងយ៉ាងដូច្នេះថា«លោក-លោកស្រីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នាយនគរបាលជាន់ខ្ពស់, នាយ-នាយនគរបាលរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទទួលទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ដែល រៀបចំដោយរដ្ឋបាលខេត្ត បានបញ្ចប់ទៅក្រោមបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរគួរជាទី មោទនៈ។
ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងសូមអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក-លោកស្រី នាយនគរបាលថ្នាក់ឧត្តមសេនីយ៍,នាយនគរបាលជាន់ខ្ពស់, នាយ-នាយនគរបាលរង នៃស្នងការដ្ឋាននគរបាលខេត្ត, អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ឃុំ-សង្កាត់ រួមនឹងកម្លាំងប្រជាការពារគ្រប់រូប ដែល បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ-កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូលឲ្យទទួលបាន នូវភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យដ៏ឱឡារឹកនេះ ។ រយៈពេលប៉ុន្មានថ្ងៃកន្លងមក អាកាសធាតុគឺពិតជាមានសភាពក្តៅខ្លាំង តែទោះបីជាអាកាសធាតុបែបនេះក្តី ក៏សកម្មភាពរបស់បងប្អូនបានបង្ហាញពី ភាពម្ចាស់ការខ្ពស់ ដោយបានពុះពារគ្រប់ភារកិច្ច សម្របសម្រួលបង្វែរទិស ចរាចរណ៍, ការពារតាមរមណីយដ្ឋាន ទីកន្លែងកំសាន្តសប្បាយនានា រួមទាំងទីវត្តអារាមផងនោះ ធ្វើឲ្យដំណើរប្រជាពលរដ្ឋ ក្នុងខេត្តមិនមានការកកស្ទះ និងកំសាន្តសប្បាយប្រកបសុវត្ថិភាព ដោយពុំមានការភ័យខ្លាចភ័យន្តរាយប្រការណាមួយ តែសេសក្នុងខេត្តពុំមានសភាពការណ៍ណាមួយគួរឲ្យកត់សម្គាល់នោះឡើយ ។
ជាថ្មីម្តងទៀត ខ្ញុំសូមពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងនាមគណៈស្នងការ និងរូបខ្ញុំផ្ទាល់ ព្រមទាំងភរិយា និងសូមបួងសួងទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា ការពារ និងប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខមហាប្រសើរ ជូនចំពោះលោក-លោកស្រីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍, នាយនគរបាលជាន់ខ្ពស់, នាយ-នាយនគរបាលរងនៃស្នងការដ្ឋាន, អធិការដ្ឋាននគរបាលក្រុង-ស្រុក,ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងអស់ រួមនឹងប្រជាការពារគ្រប់រូប ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ សម្រេចជោគជ័យគ្រប់ភារកិច្ច ដែលក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋានគរបាលជាតិ, គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអង្គភាពប្រគល់ជូន ដើម្បីរួមចំណែកក្នុងការអភិឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកប
ដោយគតិបណ្ឌិត សម្តេច មហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕