(សៀមរាប)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ឈានចូល ព.ស ២៥៦៨ គឺគិតចាប់ពីថ្ងៃទី១៣ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤ ។
ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ មហាជន និងបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ត សរុបប្រមាណជា១,២៣៩,៨០៨នាក់
របាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប សរុបមានចំនួនប្រមាណ ១,២៣៩,៨០៨នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ១៦,៨០៨នាក់ និងភ្ញៀវទេសចរជាតិ ៦៦០,០០០នាក់ ហើយបងប្អូនប្រជាពលរដ្ឋ មកពីតាមបណ្ដាស្រុក/ក្រុង ក្នុងខេត្តសៀមរាប ផ្ទាល់មានចំនួនប្រមាណ ៥៦៣,០០០នាក់ ។
សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់អាជ្ញាធរ និងសមត្ថកិច្ច បានឱ្យដឹងថាក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប ឆ្នាំនេះ ។
គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានការសប្បាយរីករាយ ផងដែរ ។
ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕