(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជាអធិបតីសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៣ ស្ដីពីចក្ខុវិស័យប្រទសកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ ។
ដែលរៀបចំឡើងនៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចបានលើកឡើងចំនួន៤ ចំណុចសខាន់ អំពីបរិការណ៍សកលលោកលើបញ្ហាសេដ្ឋកិច្ច និងអភិបាលកិច្ច។
ក្នុងនោះសម្ដេចធិបតី បានមានប្រសាសន៍ថា កម្ពុជាក៏បានពង្រីកទីផ្សារបស់ខ្លួនបន្ថែម ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ានបូក៣ ដោយកាត់បន្ថយជាបណ្ដើៗនូវការពឹងផ្អែកទាំងស្រុងទៅលើទីផ្សារសហរដ្ឋអាមេរិក និងអ៊ឺរ៉ុប។
ជាមួយនឹងកំណើនខ្ពស់នៃពិពិធកម្មសេដ្ឋកិច្ច កម្ពុជាបានដាក់ចេញនូវមហិច្ឆតារបស់ខ្លួនក្នុងដំណើរអភិវឌ្ឍន៍វែងឆ្ងាយក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
សម្ដេចធិបតីថ្លែងថា បរិការណ៍សកលលោក ទី១ ការប្រែប្រួលដ៏ជ្រាលជ្រៅមួយនៃការផ្លាស់ប្ដូរពីនិម្មាបណកម្ម សេដ្ឋកិច្ច និងអភិបាលកិច្ច អន្តរជាតិលក្ខណៈឯកបូល ទៅរកប្រព័ន្ធពហុពូល ដែលកំពុងលេចចេញជារូបរាងជាបណ្ដើរៗ។
ទី២ ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងលើសេដ្ឋកិច្ចក្នុងតំបន់ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៅពេលដែលប្រទេសក្នុងតំបន់កាន់តែរីកចម្រើនឡើង និងសមាហរណកម្មកាន់តែស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ចធំៗសម្រេចបានកំណើនទាប។
ទី៣ ការរីកចម្រើនផ្នែកឌីជីថល បន្តមានសន្ទុះខ្ពស់ ជាពិសេសបញ្ញាសិប្បនិម្មិត ដែលបើកលទ្ធភាពនៅក្នុងការជំរុញផលិតភាពឱ្យមានសន្ទុះខ្ពស់ និងអាចកាត់បន្ថយរយៈពេលនៃការរៀនសូត្រ ព្រមទាំងពង្រាយបានទូលាយនៅក្នុងរយៈពេលខ្លី។
ទី៤ ប្រភពហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការអភិវឌ្ឍនៅក្នុងបរិការណ៍នៃការរឹតបណ្ដឹងគោលនយោបាយរូបិយវត្ថុ ជាពិសេសសម្រាប់ប្រទេសមានចំណូលកម្រិតខ្ពស់ ហើយសម្រាប់ប្រទេសមធ្យមមានទំហំមិនគ្រប់គ្រាន់ និងមានការសម្របសម្រួលល្អរវាងតួអង្គពាក់ព័ន្ធទាំងពហុភាគី ទ្វេភាគី និងវិស័យឯកជន។
សម្ដេចធិបតី បានបញ្ជាក់នៅក្នុងសន្និសីទនេះដែរថា សេដ្ឋកិច្ចកម្ពុជា គឺជាសេដ្ឋកិច្ចបើកចំហរ ។
ដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន និងអវិជ្ជមាន ពីកត្តាខាងក្រៅ និងជះឥទ្ធិពលដោយផ្ទាល់ និងដោយប្រយោលមកលើសក្តានុពលកំណើនកម្ពុជា រយៈពេលមធ្យម និងវែង៕