(កំពង់ធំ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរសង្ក្រាន្តឆ្នាំថ្មី ចាប់ពីថ្ងៃទី១៣ដល់ទី១៦ខែមេសាឆ្នាំ២០២៤។
នៅខេត្តកំពង់ធំ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងលេងកម្សាន្តល្បែងប្រជាប្រិយប្រមាណជាង២៤ម៉ឺននាក់។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនានៅតាមរមណីយដ្ឋាន លេងកម្សាន្តនៅតំបន់សង្រ្កាន្តកំពង់ធំ មានសរុបចំនួន ២៤៤,៣៣៧នាក់ ក្នុងនោះមាន ភ្ញៀវជាតិចំនួន ២៤៤,២៣២នាក់ និងភ្ញៀវអន្តរជាតិចំនួន១០៥នាក់។
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខេត្តកំពង់ធំ ឆ្នាំនេះ រដ្ឋបាលខេត្ត ប្រារព្ធកម្មវិធីសង្រ្កាន្តកំពង់ធំ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន កំពង់ធំ និងបានរៀបកន្លែងកំសាន្តជាច្រើន ក្នុងនោះក៏បានរៀបចំនូវ ការបង្ហាញពីវប្បធម៌ ប្រពៃណី របស់ជនជាតិដើមភាគតិច ការប្រគំតន្ត្រី និងការលេងល្បែងប្រជាប្រិយកម្សាន្តចំនួន ១១ ប្រភេទ ដូចជា បោះអង្គុញ ទាញព្រ័ត្រ ចោលឈូង លាក់កន្លែង ពាំពងមាន់ ដណ្តើមស្លឹកឈើ ប្រដាល់បិទមុខ និងឡើងសសរខ្លាញ់ជាដើម។
ទន្ទឹមជាមួយគ្នានេះផងដែរ នៅតាមបណ្តា ក្រុង ស្រុក វត្តអារាម ក៏មានការរៀបចំព្រមៗគ្នា សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានលេងកំសាន្ត ប្រកបដោយសាមគ្គីភាព ក្នុងស្មារតី សប្បាយរួមគ្នា ក្នុងនាមភាតរភាព ចូលរួមថែរក្សាប្រពៃណីជាតិ។
ព្រឹតិ្តការណ៍សង្ក្រាន្តខេត្តកំពង់ធំ និងសង្រ្កាន្តតាមបណ្តាក្រុង ស្រុក បានចូលរួមសប្បាយរីករាយ ប្រកបដោយ សុខសុវត្ថិភាព ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានការទទួលខុសត្រូវខ្ពស់ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕