ប៉ូលិសបារាំងបានឃាត់ខ្លួនបុរសម្នាក់ ដែលគំរាមបំផ្ទុះខ្លួនឯងនៅស្ថានកុងស៊ុលអ៊ីរ៉ង់ ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ។
ព្រះរាជអាជ្ញាបារាំង បាននិយាយថា ប៉ូលីសបានរកឃើញគ្រឿងផ្ទុះនៅស្ថានកុងស៊ុល ឬនៅលើជនសង្ស័យ។
ដែលត្រូវបានឃុំខ្លួន នៅទីនោះកាលពីថ្ងៃសុក្រ បន្ទាប់ពីស្ថានកុងស៊ុល បានរាយការណ៍ថាបុរសម្នាក់ បានចូលជាមួយគ្រាប់រំសេវ។
បន្ទាប់មកប៉ូលីស បានបិទតំបន់នោះ ហើយសេវាកម្មរបស់ខ្សែរថភ្លើងក្រោមដីក្បែរនោះ ក៏ត្រូវផ្អាកដំណើរការផងដែរ ក្រោមហេតុផលសុវត្ថិភាព។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយមកបុរសខាងលើបានចាកចេញពីស្ថានកុងស៊ុល ហើយបន្ទាប់ពីឆែកឆេរ ឃើញថាគាត់មិនមានផ្ទុកសារធាតុផ្ទុះអ្វីឡើយ។
កាសែត Le Parisien បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា យោងតាមសាក្សីមួយចំនួនបានឱ្យដឹងថា បុរសនោះបានអូសទង់ជាតិពីមុខស្ថានកុងស៊ុល ហើយនិយាយថា គាត់ចង់សងសឹក ចំពោះការសម្លាប់បងប្រុសរបស់គាត់។
ទោះជាយ៉ាងណា វាមិនច្បាស់ទេថា តើរឿងនេះ មានទំនាក់ទំនងអ្វីទៅនឹងភាពតានតឹងដែលកើនឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលដែរ ឬទេ។
គួរជម្រាបថា នៅព្រឹកថ្ងៃសុក្រនេះ ការផ្ទុះមួយត្រូវបានគេឮនៅក្នុងទីក្រុង Isfahan របស់អ៊ីរ៉ង់ ដែលប្រភពបាននិយាយថា ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល។
ទោះជាយ៉ាងណាទីក្រុង Tehran បានបន្ទាបពីសារៈសំខាន់នៃឧប្បត្តិហេតុនេះ ហើយបង្ហាញថា ខ្លួនមិនមានផែនការសងសឹកទេ ដែលជាការឆ្លើយតបមួយ ដែលត្រូវបានគេយល់ថា មានគោលបំណងបញ្ចៀសជម្លោះកាន់តែធំឡើងក្នុងតំបន់៕