(ថៃ)៖ នៅព្រឹកទី២២ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើដំណើរអញ្ជើញដល់អាកាសយានដ្ឋានយោធាដនមឿង នាទីក្រុងបាងកក ប្រទេសថៃដោយសុវត្ថិភាព..!។
ក្នុងនោះសម្តេចធិបតី ទទួលបានការស្វាគមន៍ដោយលោក Vorapun Srivoranart អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីខាងកើត ក្រសួងការបរទេសថៃ និង លោក Hirohito Toda លេខាធិការប្រតិបត្តិរង នៃគណៈកម្មការ ESCAP ព្រមទាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅថ្លែងសុន្ទរកថា ពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។
ការអញ្ជើញថ្លែងសុន្ទរកថានៅពេលនេះ គឺតបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក។
អមដំណើរសម្ដេចធិបតី រួមមាន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្ដាប់ និងលោក ជា វ៉ាន់ដេត រដ្ឋមន្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗមួយចំនួនទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រោមប្រធានបទ ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សន្និបាតប្រចាំឆ្នាំនេះនឹងពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍៕