ប្រភពសន្តិសុខអ៊ីរ៉ាក់ពីរ និងមន្ត្រីអាមេរិកម្នាក់ បានប្រាប់រ៉យទ័រថា៖ គ្រាប់រ៉ុក្កែតចំនួន5 ត្រូវបានបាញ់ចេញពីទីប្រជុំជន Zummar របស់អ៊ីរ៉ាក់ ។
ឆ្ពោះទៅកាន់មូលដ្ឋានយោធាអាមេរិក នៅភាគឦសាន ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។
ការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិក គឺជាលើកទីមួយចាប់តាំងពីដើមខែកុម្ភៈ នៅពេលដែលក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់បានបញ្ឈប់ការវាយប្រហាររបស់ពួកគេប្រឆាំងនឹងកងទ័ពសហរដ្ឋអាមេរិក។
វាកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia al-Sudani ត្រឡប់ពីទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាកន្លែងដែលគាត់បានជួបជាមួយប្រធានាធិបតី Joe Biden នៅសេតវិមាន។
ដោយឡែក ចលនាប្រដាប់អាវុធ Kataib Hezbollah ក្នុងប្រទេសអ៊ីរ៉ាក់ នៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសថាកងកម្លាំងរបស់ខ្លួនបានសម្រេចចិត្តចាប់ផ្ដើម បើកការវាយប្រហារឡើងវិញ លើកងទ័ពអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់ ។
ក្រោយមើលឃើញពីភាពរីកចម្រើនតិចតួចពាក់ព័ន្ធនឹងកិច្ចចរចាស្ដីពីការដកកងទ័ពអាមេរិក ចេញពីទឹកដីអ៊ីរ៉ាក់ អំឡុងទស្សនកិច្ចរបស់លោក Sudani នៅទីក្រុងវ៉ាស៊ីនតោន៕