មន្ត្រីមន្ទីរពេទ្យប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។
មកលើទីក្រុង Rafah ភាគខាងត្បូងក្នុងតំបន់ Gaza Strip បានសម្លាប់មនុស្ស៦នាក់ ខណៈមនុស្ស ២.៣លាននាក់ កំពុងស្វែងរកទីជម្រក។
ក្រុមគ្រូពេទ្យ បានរាយការណ៍ពីការវាយប្រហារតាមអាកាស ៥លើករបស់អ៊ីស្រាអែល លើទីក្រុង Rafah កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ដោយត្រូវចំផ្ទះ ៣ខ្នង បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ រួមទាំងអ្នកកាសែតក្នុងស្រុកម្នាក់ផងដែរ។
លោក Ibrahim Khraishi ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ Reuters ថា«យើងមានការភិតភ័យ ចំពោះអ្វីដែលបានកើតឡើងនៅ Rafah ហើយការប្រកាសអាសន្នស្ថិតក្នុងកម្រិតខ្ពស់។
អ្នកខ្លះកំពុងរកផ្លូវចេញ ដោយសារតែភ័យខ្លាចមានអ្វីកើតឡើងចំពោះក្រុមគ្រួសាររបស់ខ្លួន ។
ប៉ុន្តែតើពួកគេត្រូវទៅណា? ពួកគេមិនត្រូវបានអនុញ្ញាតឱ្យទៅកាន់ភាគជើងវិញទេ ព្រោះកន្លែងដែលអាចរស់នៅបាននៅសល់ទំហំតូចពេក»។
គួរបញ្ជាក់ថា ជិត ៧ខែនៃការវាយប្រហារតាមផ្លូវអាកាស និងជើងគោក កងកម្លាំងអ៊ីស្រាអែល ក៏បានបន្តការទម្លាក់គ្រាប់បែកលើតំបន់ភាគខាងជើង ភាគកណ្តាល និងតំបន់ភាគត្បូងនៃទីក្រុង Khan Younis ដែលស្ថិតនៅភាគខាងកើតនៃតំបន់ហ្គាហ្សា ក្នុងគោលដៅលុបបំបាត់ក្រុមហាម៉ាសឱ្យអស់៕