ទាញដុំថ្ម វ៉ៃក្បាលជនរងគ្រោះហូរឈាមស្រោច បែរជាតុលាការខេត្តសៀមរាប មិនឃុំខ្លួនជនដៃដល់ ដោយផ្អែកលើទឹកប្រាក់២លានរៀល!

(សៀមរាប)៖ សមាគមសារព័ត៌មានសុក្រឹត រួមនិងបងប្អូនអ្នកសារព័ត៌មានជាច្រើន ពិសេសសាម៉ីខ្លួនជនរងគ្រោះតែម្ដង..!។
បានសម្ដែងការខកចិត្តជាខ្លាំង ទៅលើចំណាត់ការ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដែលសម្រេច”មិនឃុំខ្លួន”ជនត្រូវចោទក្រោយសមត្ថកិច្ចឃាត់ខ្លួនបាន២ថ្ងៃ…!។
ទាំងដែលពុំទាន់កោះហៅជនរងគ្រោះមកសាកសួរ ដោយគ្រាន់តែតម្រូវឱ្យជនត្រូវចោទ តម្កល់ប្រាក់ធានាចំនួន២លានរៀលប៉ុណ្ណោះ ស្របពេលដែលជនរងគ្រោះ ប្ដឹងទារសំណងចំនួន៨០លានរៀលឯណោះ។

-ករណីនេះអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានថ្លែងទទួលស្គាល់ថា ចៅក្រមស៊ើបសួរ ពិតជាបានសម្រេច”មិនឃុំខ្លួន”ដោយដាក់ឱ្យជនត្រូវចោទ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ប្រាកដមែន!។

សូមជម្រាបថា ជនត្រូវចោទឈ្មោះ នៀម សុភី ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរ”អ្នកនាំភ្ញៀវទេសចរណ៍”នៅភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប(ឃាត់ខ្លួននៅថ្ងៃទី២៤.០៤.២០២៤ រួចដោះលែងវិញ នៅថ្ងៃទី២៦.០៤.២០២៤)។

រីឯជនរងគ្រោះគឺលោក អ៊ុល វិសិដ្ឋ សហការីសារព័ត៌មាន”ខ្មែរសូក្រឹត្យ”នឹងជាសមាជិក«សមាគមសារព័ត៌មានសុក្រឹត»នៅភូមិ-សង្កាត់ជាមួយជនត្រូវចោទ។
-អំពើហិង្សានេះ បានកើតឡើងនៅមុខផ្ទះជនរងគ្រោះ ស្ថិតនៅភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី២៤.០៤.២០២៤។

ជុំវិញករណីនេះជនរងគ្រោះ បានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី២៧.០៤.២០២៤ថា រូបលោកនិងក្រុមគ្រួសារ កំពុងព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនជាខ្លាំង ក្រោយតុលាការ សម្រេចមិនឃុំខ្លួនជនត្រូវចោទ ដោយខ្លាចមានការគុំកួនតទៅទៀត។

ជនរងគ្រោះបញ្ជាក់ថា ផ្ទះរបស់ខ្លួននិងផ្ទះរបស់ជនត្រូវចោទ គឺមានទីតាំងនៅទល់មុខគ្នា ស្ថិតនៅភូមិ-សង្កាត់កើតហេតុខាងលើ ប៉ុន្តែរវាងគ្រួសារអ្នកទាំង២ ពុំត្រូវគ្នានោះឡើយ។

លុះប៉ុន្មានថ្ងៃនេះ មានការជួសជុលផ្លូវ និងកាយសំរាម ហើយនៅថ្ងៃកើតហេតុខ្លួនក៏បានប្រមូលសំរាម និងដុតនៅមុខផ្ទះ។
ស្រាប់តែជនត្រូវចោទ ដើរមកជិតរួចទាញទូរស័ព្ទ ថតសកម្មភាព ដែលខ្លួនដុតសំរាម ។

ក្នុងនោះជនរងគ្រោះបានប្រាប់ថា ថតតែសំរាមបានហើយ កុំថតខ្ញុំប្រយ័ត្នមានរឿង ប៉ុន្តែជនត្រូវចោទ មិនស្ដាប់ឡើយ ដោយមានះថតទាំងជនរងគ្រោះថែមទៀត។
ជាហេតុនាំឱ្យ ជនរងគ្រោះស្ដីថា ឱ្យទៅលើជនត្រូវចោទ រហូតមានការប្រកែកប្រណាំងគ្នា និងទំនាស់ពាក្យសម្ដី។

ជនរងគ្រោះបន្ថែមថា ខណៈពេលនោះ ខ្លួនបានដើរទៅបើកទ្វាររបងផ្ទះ ដើម្បីចូលក្នុងផ្ទះរបស់គាត់!។
ស្រាប់តែជនត្រូវចោទ ស្ទុះទៅតាមនិងហក់វ៉ៃជនរងគ្រោះ ដែលកំពុងទាញទ្វាររបង ទើបឈានដល់ប្រតាយប្រតប់គ្នា។
ភ្លាមនោះជនបង្ក បានទាញដុំថ្ម មកវាយក្បាលជនរងគ្រោះ បណ្ដាលឱ្យរបួសធ្ងន់ហូរឈាមស្រោច..!។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាល បានចុះឃាត់ខ្លួនជនដៃដល់ ដើម្បីចាត់ការតាមនីតិវិធី ខណៈជនរងគ្រោះ ប្ដឹងទារសំណងជំងឺចិត្ត ចំនួន២ម៉ឺនដុល្លារ។

ក្នុងរឿងនេះ ក្រោយឃាត់ខ្លួនបាន២ថ្ងៃ ពោលគឺនៅថ្ងៃទី២៦.០៤.២០២៤ ជនត្រូវចោទខាងលើ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប អមដោយតំណាងអយ្យការ សម្រេច”មិនឃុំខ្លួន” ដោយដាក់ឱ្យ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាមួយនឹងការតម្កល់ប្រាក់ធានាត្រឹមតែ ២លានរៀល។

-ដើម្បីឱ្យឆ្លើយតប និងការលើកឡើងខាងលើ នៅថ្ងៃទី២៧.០៤.២០២៤«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោកស្រី សាត ធីតា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តសៀមរាប ប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល.!។

រីឯលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានថ្លែងប្រាប់«ដើមរាំង»ថា ពាក់ព័ន្ធសំណុំរឿងខាងលើ ចៅក្រមស៊ើបសួរពិតជាបាន សម្រេច”មិនឃុំខ្លួន”ដោយដាក់ឱ្យជនត្រូវចោទ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ប្រាកដមែន។

លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត និងជាចាងហ្វាងសារព័ត៌មាន”ខ្មែរសូក្រឹត្យ”រួមនិងបងប្អូនអ្នកសារព័ត៌មានជាច្រើន ក៏ដូចសាម៉ីខ្លួនជនរងគ្រោះផ្ទាល់ ។
បានសម្ដែងការខកចិត្ត ទៅលើចំណាត់ការ របស់ចៅក្រមស៊ើបសួរ ដែលសម្រេច”មិនឃុំខ្លួន”ជនត្រូវចោទ។
ស្របពេលដែល ជនរងគ្រោះ កំពុងដង្ហើយរកយុត្តិធម៌ និងពុំទាន់ទទួលបានសំណងសូម្បី១រៀល និងពុំទាន់ដកពាក្យបណ្ដឹងនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *