(ភ្នំពេញ)៖ ក្រសួងអប់រំយុវជននិងកីឡា តម្រូវឱ្យសាលារៀនទូទាំងប្រទេស ប្ដូរម៉ោងចូលរៀននិងបង្រៀនសិស្ស ព្រោះសីតុណ្ហភាពក្ដៅ។
នេះបើយោងតាមលិខិតរបស់ ក្រសួងអប់រំ យុវជននិងកីឡា ដែលជម្រាបមក មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត នៅថ្ងៃទី៣០.០៤.២០២៤។
ក្រសួងអប់រំ បានលើកឡើងយ៉ាងដូច្នេះថា៖ រដូវប្រាំងឆ្នាំ ២០២៤ អាកាស ធាតុក្តៅ ហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី៤០ អង្សារ ជាពិសេស នៅចន្លោះពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១៤:០០ រសៀល ។
ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងារ របស់លោកគ្រូ អ្នកគ្រូ ។
ក្រសួង៖ សូមណែនាំដល់ លោក លោកស្រីប្រធាន និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែង អនុវត្តដូចតទៅ៖
ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង១០:០០។
ពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០។
ក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូត្រូវ ឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល១៥ នាទី។
គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឱ្យយកទឹកឆ្អិន ពីផ្ទះមកទទួលទាន។
ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែង។
អនុវត្តតាមគោលការណ៍ ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន ផ្សព្វផ្សាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី និងសាធារណជនទាំងអស់ឱ្យ បានជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព៕