(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យនៃក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០.០៤.២០២៤។
បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា”។
ក្នុងនោះការិយាល័យអ្នកនាំពាក្យបានលើកឡើងថា អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប បានឆ្លើយថា សេរីភាពសារ ព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ។
នេះជាលទ្ធផលនៃការស្ទង់មតិថ្មីមួយ ដែលក្រសួងព័ត៌មាន បានរៀបចំឡើងក្នុង ក្របខណ្ឌនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយលទ្ធផលនៃការសិក្សានេះ ត្រូវបានផ្សព្វផ្សាយ ។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានក្រោមអធិបតីភាព របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និង តំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។
សេរីភាពសារព័ត៌មាន ជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
សេរីភាពនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានផ្សេងទៀត។
ដូច្នេះ ក្នុងក្របខណ្ឌនៃការលើកកម្ពស់តម្លៃសង្គមប្រជាធិបតេយ្យនៅកម្ពុជា ការវាស់វែងស្ថានភាព សេរីភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជាមានសារៈសំខាន់ណាស់ ។
ដើម្បីឆ្លុះបញ្ចាំងអំពីលំហសេរីភាពនៃប្រព័ន្ធផ្សព្វផ្សាយ សិទ្ធិនៃការទទួលព័ត៌មាន តួនាទីរបស់សារព័ត៌មានវិជ្ជាជីវៈក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិត និងជឿទុកចិត្តបាន សម្រាប់ជាប្រយោជន៍ដល់ប្រជាជន អ្នកដឹកនាំ និងសង្គមជាតិទាំងមូល ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងរួមគ្នាកម្លាំង ដើម្បីធានាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
សម្រាប់ការសិក្សានេះ ក្រុមការងារនៃក្រសួងព័ត៌មានបានប្រើវិធីសាស្រ្តចម្រុះ គឺវិធីសាស្រ្តគុណវិស័យ និងវិធីសាស្ត្រ បរិមាណវិស័យ តាមរយៈ៖ ១) ការអនុវត្តការស្ទាបស្ទង់មតិក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន ៣៤១នាក់ តាមបណ្តា រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស, ២) ការស្រាវជ្រាវឯកសារដែលមានស្រាប់ (Desk Review) រាប់បញ្ចូលទាំងរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស, និង ៣) និងការសម្ភាសន៍ជាមួយឥស្សរជន និងបុគ្គល សំខាន់ៗក្នុងវិស័យព័ត៌មាន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយ នាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើង អំពីសារៈសំខាន់ដែលក្រសួងព័ត៌មានបានសិក្សា និងចងក្រងរបាយការណ៍នេះឡើង គឺក្នុងគោលបំណងបង្ហាញពីលំហ សិទ្ធិនិងសេរីភាពសារព័ត៌មាននៅកម្ពុជា ក៏ដូចជាដើម្បីបង្ហាញពីតួនាទីរបស់ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ដោយគូសបញ្ជាក់ថាការសិក្សា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននេះត្រូវបានរៀបចំធ្វើឡើងដោយកម្ពុជាខ្លួនឯងផ្ទាល់ ។
ដែលជាសក្ខីភាពមួយបង្ហាញ ភាពជាម្ចាស់របស់កម្ពុជាលើវិស័យព័ត៌មាន និងការផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យនេះជាអាទិភាពមួយរបស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានពួនជ្រុំនូវរាល់សមិទ្ធផល និងស្នាដៃដឹកនាំក្នុងអាណត្តិមុនៗ៕