(ព្រៃវែង)៖ ពលរដ្ឋពុទ្ធបរិស័ទចំណុះជើង”វត្តជោតនារាមបាក់តាង”ស្ថិតនៅភូមិបាកតាង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
រាប់សិបនាក់ កាលពីរសៀលថ្ងៃទី៣០.០៤.២០២៤ បាននាំគ្នាផ្ទះការតវ៉ា សុំបណ្ដេញព្រះគ្រូ ញឹក ជោក ចៅអធិការ”វត្តជោតនារាមបាក់តាង”ចេញពីវត្ត។
ដោយពួកគាត់អះអាងថា ព្រះគ្រូ ញឹក ជោក មានសង្ឃដីកាមិនសមរម្យគំរោះគំរើយ ជេរប្រមាថ និងមានប្រពន្ធមកស្នាក់នៅក្នុងវត្ត សំរាកក្នុងបន្ទប់កុដិតែមួយ។
-សូមជម្រាបថា ព្រះគ្រូ ញឹក ជោក ចៅអធិការ”វត្តជោតនារាមបាក់តាង”មានព្រះជន្ម៥១វស្សា និងមានស្រុកកំណើត នៅខេត្តស្វាយរៀង ត្រូវព្រះគ្រូ អនុគណស្រុកស្វាយអន្ទរ និមន្តចេញពីវត្ត នៅព្រឹកទី០១.០៥.២០២៤។
-ក្នុងពេលផ្ទុះការតវ៉ានោះ ប្រជាពលរដ្ឋ បានស្រែកខ្លាំងៗ ដោយសុំបណ្ដេញព្រះគ្រូ ញឹក ជោក ចេញពីវត្តដោយគ្មានលក្ខខ័ណ្ឌ។
ក្រោមហេតុផលថា ព្រះគ្រូចៅអធិការអង្គនេះ ប្រើសង្ឃដីកាមិនសមរម្យ គំរោះគំរើយ មកលើពុទ្ធបរិស័ទចំណុះជើងវត្ត ជាពិសេស គណៈកម្មការវត្ត លោកតាលោកយាយតែម្ដង!។
ពុទ្ធបរិស័ទបន្តថា មិនត្រឹមតែមានសង្ឃដីកាគំរោះគំរើយប៉ុណ្ណោះទេ…!។ ព្រះគ្រូ ញឹក ជោក ថែមទាំងមានប្រពន្ធ មកស្នាក់នៅក្នុងបន្ទប់កុដិជាមួយព្រះអង្គទៀតផង។
ហេតុនេះពួកគាត់ ជាប្រជាពលរដ្ឋ មិនអាចទទួលយកព្រះគ្រូ ញឹក ជោក ឱ្យធ្វើជាចៅអធិការ”វត្តជោតនារាមបាក់តាង”បានទៀតឡើយ!។
ជាការឆ្លើយតបព្រះគ្រូ ញឹក ជោក បានមានសង្ឃដីកាថា ករណីប្ដឹងផ្ដល់នេះ គឺមានដង្កូវចេញពីសាច់។
ព្រះគ្រូ ញឹក ជោក មានសង្ឃដីកាបន្តថា ប្រសិនបើអាជ្ញាធរ មន្ត្រីជំនាញឬគណៈសង្ឃឱ្យចេញ ទើបព្រះអង្គព្រមចេញពីវត្ត។
ដោយចង់ដឹងពីចំណាត់ការរបស់មន្ត្រីជំនាញ នៅព្រឹកទី០១.០៥.២០២៤«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រៃវែង។
ប៉ុន្តែលោកប្រធានមន្ទីរ បែរជាបង្វែរសួរមកកាន់អ្នកកាសែតវិញថា មិញក្រែងសួរទៅលោកមេឃុំហើយតើ..?។
លុះ«ដើមរាំង»ឆ្លើយថា ពុំទាន់បានសួរទេ ស្រាប់តែលោក លី សិទ្ធី ចុចបិទទូរស័ព្ទតែម្ដង..!។
រីឯលោក យឹម យ៉ន មេឃុំព្រៃខ្លា បានថ្លែងប្រាប់«ដើមរាំង»ថា មន្ត្រីសង្ឃបាននិមន្តព្រះគ្រូ ញឹក ជោក ចៅអធិការ”វត្តជោតនារាមបាក់តាង”ចេញពីវត្តហើយនៅព្រឹកទី០១.០៥.២០២៤៕