(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេឆឺរីង (ខេមបូឌា) ឯ.ក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសជប៉ុន ជាប្រទេសដែលផ្តល់ជំនួយឧបត្ថម្ភទាំងថវិកានិងបច្ចេកទេស ច្រើនជាងគេនៅក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីការខ្ទេចខ្ទាំដោយសារសង្រ្គាមជាង២ទសវត្សរ៍ មកជាប្រទេសដែលវិនិយោគកើនឡើងឥតឈប់ឈរជាបន្តបន្ទាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសទី១ដែលទទួលវត្តមានទ័ពជប៉ុននៅក្រៅប្រទេសក្នុងបេសកកម្មរក្សាសន្តិភាព បន្ទាប់ពីសង្រ្គាមលោកលើកទី២ ហើយជប៉ុន បានប្រែក្លាយពីប្រទេសដែលផ្តួចផ្តើមផ្តល់ជំនួយអន្តរជាតិមកកម្ពុជា។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ការបង្កើតរោងចក្រនៅទីនេះ គឺជានិមិត្តរូបនៃការបន្តរួបរួមរបស់ប្រទេសជប៉ុននៅក្នុងដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាកដែលជប៉ុនបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការចរចាស្វែងរកសន្តិភាពនៅកម្ពុជា៕