(ភ្នំពេញ)៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេឆឺរីង (ខេមបូឌា) ឯ.ក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។
ជាមួយនឹងធនធានមនុស្ស និងកម្លាំងពលកម្មជំនាញវ័យក្មេងប្រកបដោយជវភាពរបស់កម្ពុជា និងភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា យើងនឹងបន្តទទួលបានការវិនិយោគប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះជាបន្តបន្ទាប់។
សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា ក៏ត្រូវបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មដែលបម្រើដល់ការវិនិយោគ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្មជាបន្តឥតដាច់ផងដែរ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ គឺជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម កម្ពុជា ឆ្នាំ២០១៥-២០២៥ ។
សំដៅរួមចំណែកដល់ការបង្កើតតម្លៃបន្ថែមខ្ពស់ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន បង្កើតការងារ បង្កើនប្រាក់ចំណូលសមស្រប និងជីវភាពកាន់តែប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ៕