ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៥ ពិធីនេះធ្វើឡើងនៅក្នុងរដ្ឋធានីម៉ូស្គូ កាលពីថ្ងៃអង្គារម្សិលមិញ។
ពិធីដែលបានធ្វើឡើងនៅក្នុងវិមានក្រឹមឡាំង គឺជាការចាប់ផ្តើមនៃអាណត្តិរយៈពេល 6 ឆ្នាំមួយផ្សេងទៀត សម្រាប់លោកពូទីន ដែលបានឈ្នះ 87.28% នៃសម្លេងឆ្នោតក្នុងអំឡុងពេលការបោះឆ្នោតប្រធានាធិបតី ដែលបានធ្វើឡើងនៅក្នុងខែមីនា។
នៅក្នុងសុន្ទរកថា មួយបន្ទាប់ពីការស្បថចូលកាន់តំណែង លោកពូទីនបានថ្លែងអំណរគុណ ដល់ពលរដ្ឋនៃប្រទេសរបស់គាត់ និងកងទ័ពរុស្ស៊ីដែលតស៊ូដើម្បី ផលប្រយោជន៍ និងសន្តិសុខរបស់ប្រជាជន នឹងលើសពីអ្វីទាំងអស់។
លោក ពូទីន បាននិយាយបន្ថែមទៀតថា ពួកគេនឹងកំណត់ជោគវាសនារបស់រុស្ស៊ី ដោយខ្លួនឯង និង”សម្រាប់តែខ្លួនយើងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត”។
គាត់ក៏បាននិយាយផងដែរថា ពលរដ្ឋរុស្ស៊ីបានបញ្ជាក់ពី “ភាពត្រឹមត្រូវ” នៃដំណើររបស់ប្រទេសនៅក្នុងការបោះឆ្នោតហើយថា គាត់មានទំនុកចិត្តថាពួកគេនឹង “ឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះដោយសេចក្តីថ្លៃថ្នូរ។
លោកបានបន្តថា រុស្ស៊ីមិនបដិសេធការចរចាជាមួយប្រទេសលោកខាងលិចទេ ហើយថា «ជម្រើសគឺជារបស់ពួកគេ»។
លោកប្រធានាធិបតី បានបន្ថែមថា រុស្ស៊ី នឹងបន្តធ្វើការជាមួយដៃគូ របស់ខ្លួន ដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល៕