(ភ្នំពេញ)៖ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ។
មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ។
ក្នុងនោះ មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ៩.២៥៧សន្លឹក ដោយឥតគិតថ្លៃ នៅទូទាំងប្រទេស។
នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានចំនួន៦១៥សន្លឹក។
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានផ្តល់ចំនួន១៣៣៩សន្លឹក។ នៅថ្ងៃទី១ ខែឧសភា បានផ្តល់ចំនួន២០៥៨សន្លឹក។ នៅថ្ងៃទី២ ខែឧសភា ផ្តល់ចំនួន១២៨៨សន្លឹក។ នៅថ្ងៃទី៣ បានផ្តល់ចំនួន១៦០៤សន្លឹក។ នៅថ្ងៃទី៤ ផ្តល់ចំនួន១៥៦៥សន្លឹក និងនៅថ្ងៃទី៥ ផ្តល់ចំនួន៧៨៨សន្លឹក។
បន្ថែមលើការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រយៈពេល៧ថ្ងៃ កន្លងមកនេះ មន្ត្រីបានបន្តផ្តល់សេវាអត្តសញ្ញាណកម្មផ្សេងទៀត ក្នុងនោះ រួមមាន នៅថ្ងៃទី២៩ ខែមេសា លិខិតឆ្លងដែននិងលិខិតធ្វើដំណើរចំនួន៥៧៥ក្បាល ព្រមទាំងសៀវភៅស្នាក់នៅនិងគ្រួសារសរុបចំនួន៥៥៧ក្បាល។
នៅថ្ងៃទី៣០ ខែមេសា លិខិតឆ្លងដែននិងលិខិតធ្វើដំណើរចំនួន២២១០ក្បាល ព្រមទាំងសៀវភៅស្នាក់នៅនិងគ្រួសារសរុបចំនួន៦២៣ក្បាល។ នៅថ្ងៃទី១ ខែឧសភា លិខិតឆ្លងដែននិងលិខិតធ្វើដំណើរចំនួន១៥១៨ក្បាល។
នៅថ្ងៃទី២ ខែឧសភា សៀវភៅស្នាក់នៅនិងគ្រួសារសរុបចំនួន៨៧៦ក្បាល។ នៅថ្ងៃទី៣ លិខិតឆ្លងដែននិងលិខិតធ្វើដំណើរចំនួន២១២០ក្បាល ព្រមទាំងសៀវភៅស្នាក់នៅនិងគ្រួសារសរុបចំនួន៧៣៨ក្បាល។
នៅថ្ងៃទី៤ លិខិតឆ្លងដែននិងលិខិតធ្វើដំណើរចំនួន១៦២៨ក្បាល ព្រមទាំងសៀវភៅស្នាក់នៅនិងគ្រួសារសរុបចំនួន៦៧៣ក្បាល និងនៅថ្ងៃទី៥ លិខិតឆ្លងដែននិងលិខិតធ្វើដំណើរចំនួន៤៨៩ក្បាល ព្រមទាំងសៀវភៅស្នាក់នៅនិងគ្រួសារសរុបចំនួន៥៥៦ក្បាល។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
គួរជម្រាបជូនថា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាបណ្ណសម្រាប់សម្គាល់អត្តសញ្ញាណសញ្ជាតិខ្មែរលើបុគ្គលម្នាក់ៗមានសញ្ជាតិជាខ្មែរ។
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមានសារៈសំខាន់ ឬសារៈប្រយោជន៍ ដើម្បីប្រជាជនយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។
ប្រជាពលរដ្ឋខ្មែរទាំងពីភេទមានអាយុពី១៥ឆ្នាំឡើង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬនៅស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាមការជូនដំណឹងរបស់អាជ្ញាធរ។
កាលកន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ ដើម្បីជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេសពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បីឈានទៅពង្រឹងគុណភាពនៃផ្តល់សេវាជូនប្រជាពលរដ្ឋ៕