លោក មាស សុភ័ណ្ឌ បញ្ជាក់ពីដំណើរទស្សនកិច្ច របស់សម្តេចធិបតី នៅកូរ៉េខាងត្បូង!

(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃពុធទី១៥ ខែឧសភា ឆ្នាំ២០២៤។
បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ។

នាឱកាសនោះលោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ គណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជីញអមដំណើរ សម្ដេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល  ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។

ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី យូន សក យ៉ល (Yoon Suk Yeol) ដែលនឹងពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។
ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *