Update៖ ទ័ពជើងគោកអ៊ីស្រាអែល វាយលុកចូល គោលដៅក្រុមហេសបូឡា នៅព្រំដែន​ភាគខាង​ត្បូង​លីបង់!

កងកម្លាំងយោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ(ទី១ខែតុលា)បាននិយាយថា ខ្លួនបានចាប់ផ្តើម វាយ​ឆ្មក់​កំណត់គោលដៅ លើក្រុមហេសបូឡា នៅ​ក្នុង​តំបន់​ព្រំដែន​ ភាគខាងត្បូងនៃប្រទេសលីបង់។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា គោលដៅ​ទាំង​នោះ ស្ថិតនៅក្នុងភូមិ ដែលនៅជិតព្រំដែន ហើយ បង្កការគំរាម​កំហែង​ភ្លាមៗ​ដល់​សហគមន៍​អ៊ីស្រាអែល នៅភាគខាងជើងអ៊ីស្រាអែល។

យោធាថា៖ កងកម្លាំងអាកាសអ៊ីស្រាអែល និងកាំភ្លើងធំ IDF កំពុងគាំទ្រ​កង​កម្លាំង​ជើង​គោក ដោយមានការវាយប្រហារយ៉ាងច្បាស់លាស់លើគោលដៅយោធា នៅក្នុងតំបន់នេះ។

សេចក្ដីថ្លែងការណ៍ បានឲ្យដឹងទៀតថា IDF កំពុងបន្តប្រតិបត្តិការ ដើម្បីសម្រេចបាននូវគោលដៅ ក្នុងសង្រ្គាមនេះ ។
ហើយកំពុងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារពលរដ្ឋអ៊ីស្រាអែល និងអាច​ឲ្យ​ពលរដ្ឋនៅភាគខាងជើងអ៊ីស្រាអែលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។

យោធាបញ្ជាក់ថា ប្រតិបត្តិការនេះនឹងបន្ត យោងទៅតាមការវាយតម្លៃស្ថានភាពជាក់ស្ដែង ហើយ​ស្របគ្នាទៅនឹងការប្រយុទ្ធ នៅក្នុងតំបន់ហ្កាហ្សា និងក្នុងតំបន់ផ្សេងទៀត។

គួរញ្ជាក់ថា ទោះបីជាមានការអំពាវនាវជាអន្តរជាតិឲ្យបន្ថយភាពតានតឹងក៏ដោយ ក៏អ៊ីស្រាអែល​មុន​នេះ បានប្តេជ្ញាបន្តប្រយុទ្ធជាមួយក្រុមហេសបូឡា។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានថា ការប្រយុទ្ធមិនទាន់ចប់ទេ សូម្បីតែ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​លើទីក្រុងបេរូត៕

Leave a Reply

Your email address will not be published. Required fields are marked *