កងកម្លាំងយោធាអ៊ីស្រាអែល នៅថ្ងៃអង្គារ(ទី១ខែតុលា)បាននិយាយថា ខ្លួនបានចាប់ផ្តើម វាយឆ្មក់កំណត់គោលដៅ លើក្រុមហេសបូឡា នៅក្នុងតំបន់ព្រំដែន ភាគខាងត្បូងនៃប្រទេសលីបង់។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា គោលដៅទាំងនោះ ស្ថិតនៅក្នុងភូមិ ដែលនៅជិតព្រំដែន ហើយ បង្កការគំរាមកំហែងភ្លាមៗដល់សហគមន៍អ៊ីស្រាអែល នៅភាគខាងជើងអ៊ីស្រាអែល។
យោធាថា៖ កងកម្លាំងអាកាសអ៊ីស្រាអែល និងកាំភ្លើងធំ IDF កំពុងគាំទ្រកងកម្លាំងជើងគោក ដោយមានការវាយប្រហារយ៉ាងច្បាស់លាស់លើគោលដៅយោធា នៅក្នុងតំបន់នេះ។
សេចក្ដីថ្លែងការណ៍ បានឲ្យដឹងទៀតថា IDF កំពុងបន្តប្រតិបត្តិការ ដើម្បីសម្រេចបាននូវគោលដៅ ក្នុងសង្រ្គាមនេះ ។
ហើយកំពុងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារពលរដ្ឋអ៊ីស្រាអែល និងអាចឲ្យពលរដ្ឋនៅភាគខាងជើងអ៊ីស្រាអែលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
យោធាបញ្ជាក់ថា ប្រតិបត្តិការនេះនឹងបន្ត យោងទៅតាមការវាយតម្លៃស្ថានភាពជាក់ស្ដែង ហើយស្របគ្នាទៅនឹងការប្រយុទ្ធ នៅក្នុងតំបន់ហ្កាហ្សា និងក្នុងតំបន់ផ្សេងទៀត។
គួរញ្ជាក់ថា ទោះបីជាមានការអំពាវនាវជាអន្តរជាតិឲ្យបន្ថយភាពតានតឹងក៏ដោយ ក៏អ៊ីស្រាអែលមុននេះ បានប្តេជ្ញាបន្តប្រយុទ្ធជាមួយក្រុមហេសបូឡា។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានព្រមានថា ការប្រយុទ្ធមិនទាន់ចប់ទេ សូម្បីតែបន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងបេរូត៕