ឆេះរថយន្តក្រុង ដឹកសិស្សកម្សាន្ត នៅប្រទេសថៃ ស្លាប់ជាង២០នាក់!

សិស្សរួមនិងគ្រូ.ចំនួន២៥នាក់ បានស្លាប់ ដោយសារភ្លើងឆេះរថយន្តដឹកសិស្សយ៉ាងសន្ធោសន្ធៅ នៅ​ប្រទេ​ស​ថៃ នាថ្ងៃអង្គារ(ទី១ខែតុលា) ខណៈរថយន្តនោះ មានអ្នកដំណើរសរុប៤៤នាក់…!។

សារព័ត៌មាន The Nation បានដកស្រង់សម្តីក្រុមអ្នកជួយសង្គ្រោះដោយនិយាយថា ពួកគេបាន​ទាញ​យក​សពឆេះខ្លោច យ៉ាងតិច ១០នាក់ ពីរថយន្តក្រុង…!។

រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន លោក Suriya Jungrungreangkit បាននិយាយថា ចំនួនអ្នកស្លាប់មិន​ទាន់​ច្បាស់​នៅឡើយទេ ។
ប៉ុន្តែមនុស្ស២៥នាក់ មិនទាន់បានដឹងពីជោគវាសនា បន្ទាប់ពីមាន​អគ្គិភ័យ​នេះ​។
លោកបានប្រាប់អ្នកសារព័ត៌មានថា របាយការណ៍ដំបូង បានបង្ហាញថា មាន​អ្នក​ជិះ​នៅលើឡាននោះចំនួន ៤៤នាក់ ដោយមានសិស្ស ៣៨នាក់ និងគ្រូ ៦នាក់។
តាមយើង​ដឹង​ឥឡូវ​នេះ គ្រូ ៣នាក់ និងសិស្ស ១៦នាក់ បានចេញពីឡាននោះ។
លោកបានបន្ថែមថា សម្រាប់​អ្នក​បាត់ខ្លួន យើងមិនទាន់ច្បាស់នៅឡើយទេ។

រូបភាព​ដំបូង​ដែល​ត្រូវ​បានបង្ហោះនៅលើបណ្ដាញសង្គម និងផ្សព្វផ្សាយដោយសារព័ត៌មាន ក្នុង​ស្រុក បង្ហាញពីផ្សែងពណ៌ប្រផេះដ៏ក្រាស់ឃ្មឹកដែលហុយទ្រលោមចេញពីរថយន្តក្រុង ដែល​ផ្នែក​ខ្លះ​នៅ​តែ​ត្រូវបានឆាបឆេះនៅឡើយ។

អ្នកថតរូបរបស់សារព័ត៌មាន Reuters បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ នគរបាល និងរថយន្តសង្គ្រោះ បានចតនៅជុំវិញរថយន្តដែលប្រែពណ៌ទៅជាខ្មៅ ដោយ​មានក្រុមអ្នកពន្លត់អគ្គិភ័យនៅឈរមុខទ្វារចូល។

នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra បានឲ្យដឹងថា និស្សិតទាំង​នោះ​កំពុង​ធ្វើ​ទស្សន​កិច្ច​សិក្សាពីខេត្ត Uthai Thani ចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ ភាគខាងជើង​រដ្ឋធានី​បាង​កក ហើយលោកស្រី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *