សិស្សរួមនិងគ្រូ.ចំនួន២៥នាក់ បានស្លាប់ ដោយសារភ្លើងឆេះរថយន្តដឹកសិស្សយ៉ាងសន្ធោសន្ធៅ នៅប្រទេសថៃ នាថ្ងៃអង្គារ(ទី១ខែតុលា) ខណៈរថយន្តនោះ មានអ្នកដំណើរសរុប៤៤នាក់…!។
សារព័ត៌មាន The Nation បានដកស្រង់សម្តីក្រុមអ្នកជួយសង្គ្រោះដោយនិយាយថា ពួកគេបានទាញយកសពឆេះខ្លោច យ៉ាងតិច ១០នាក់ ពីរថយន្តក្រុង…!។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit បាននិយាយថា ចំនួនអ្នកស្លាប់មិនទាន់ច្បាស់នៅឡើយទេ ។
ប៉ុន្តែមនុស្ស២៥នាក់ មិនទាន់បានដឹងពីជោគវាសនា បន្ទាប់ពីមានអគ្គិភ័យនេះ។
លោកបានប្រាប់អ្នកសារព័ត៌មានថា របាយការណ៍ដំបូង បានបង្ហាញថា មានអ្នកជិះនៅលើឡាននោះចំនួន ៤៤នាក់ ដោយមានសិស្ស ៣៨នាក់ និងគ្រូ ៦នាក់។
តាមយើងដឹងឥឡូវនេះ គ្រូ ៣នាក់ និងសិស្ស ១៦នាក់ បានចេញពីឡាននោះ។
លោកបានបន្ថែមថា សម្រាប់អ្នកបាត់ខ្លួន យើងមិនទាន់ច្បាស់នៅឡើយទេ។
រូបភាពដំបូងដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងផ្សព្វផ្សាយដោយសារព័ត៌មាន ក្នុងស្រុក បង្ហាញពីផ្សែងពណ៌ប្រផេះដ៏ក្រាស់ឃ្មឹកដែលហុយទ្រលោមចេញពីរថយន្តក្រុង ដែលផ្នែកខ្លះនៅតែត្រូវបានឆាបឆេះនៅឡើយ។
អ្នកថតរូបរបស់សារព័ត៌មាន Reuters បានឃើញរថយន្តពន្លត់អគ្គិភ័យ នគរបាល និងរថយន្តសង្គ្រោះ បានចតនៅជុំវិញរថយន្តដែលប្រែពណ៌ទៅជាខ្មៅ ដោយមានក្រុមអ្នកពន្លត់អគ្គិភ័យនៅឈរមុខទ្វារចូល។
នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra បានឲ្យដឹងថា និស្សិតទាំងនោះកំពុងធ្វើទស្សនកិច្ចសិក្សាពីខេត្ត Uthai Thani ចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីបាងកក ហើយលោកស្រី បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ៕