ចាប់និងឃុំខ្លួនបុរសម្នាក់ពីបទញុះញង់ ពាក់ព័ន្ធការបង្ហោះរូបភាពកាត់តនៃរមណីយដ្ឋានបាភ្នំ!

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០១.១០.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការឃុំខ្លួនជនត្រូវចោទម្នាក់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្តាញសង្គម កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា-បង្ហោះរូបភាពកាត់ត នៃរមណីយដ្ឋានបាភ្នំ ស្រុកបាភ្នំខេត្តព្រៃវែង។

-ជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ភេទប្រុសមុខរបរ(សារព័ត៌មាន)….។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៤ ជនត្រូវចោទ ឈ្មោះ ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើន ។
ដែលមានលក្ខណៈញុះញង់ និងយករូបភាពកាត់តរមណីយដ្ឋានបាភ្នំ ត្រូវបានវាយកម្ទេចចោល បំភ្លៃការពិត មូលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងទៀត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់បញ្ចុះកំហឹងឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហោះ ចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួនឈ្មោះ Mech Dara និងបានចែកចាយក្នុងបណ្តាញសង្គមFacebook, Twitter, Telegrame, whatsapp, និងSignal ដែលជនត្រូវចោទមានចេតនាទុច្ចរិត បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម។
អំពើដែលប្រព្រឹត្តឡើងដោយជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ជាធរមាន ហើយជនត្រូវចោទរូបនេះ បានទទួលស្គាល់ និងសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ ប្រាកដមែន។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *