Update៖ អ៊ីស្រាអែលវាយ​ប្រហារ​តាម​អាកាស ចូលកណ្តាល​ក្រុង​បេរូត​ ស្លាប់៦នាក់!

ក្រសួងសុខាភិបាលលីបង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែតុលា)ថាមនុស្ស៦នាក់បានស្លាប់ និង៧នាក់ផ្សេងទៀត បានរងរបួស…។

នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល មួយយប់លើផ្ទះល្វែងមួយកន្លែង នៅក្នុងតំបន់ Bachoura កណ្តាលទីក្រុង Beirut ។

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Anadolu ការវាយប្រហារតាមអាកាសបានបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងអគារជុំវិញ និងរថយន្តនៅក្នុងតំបន់គោលដៅ។

កងទ័ពអ៊ីស្រាអែល ក៏បានធ្វើការវាយប្រហារតាមអាកាសជាច្រើនដងទៅលើសង្កាត់នានា នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដោយបន្សល់ទុកនូវផ្សែងដ៏សន្ធោសន្ធៅ។

ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់ បាននិយាយថា រហូតមកដល់ព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍ កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួន ១៧លើកទៅលើទីក្រុង Beirut និងជាយក្រុងភាគខាងត្បូងរបស់ខ្លួន។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពបានធ្វើការវាយប្រហារ គោលដៅ ទៅលើទីក្រុង Beirut ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

ទីភ្នាក់ងារនេះក៏បានរាយការណ៍ផងដែរអំពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបន្ថែមទៀត ទៅលើភូមិ និងទីប្រជុំជនលីបង់ភាគខាងត្បូង។

អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំចាប់តាំងពីថ្ងៃទី ២៣ខែកញ្ញា ទៅលើអ្វីដែលខ្លួនហៅថា គោលដៅរបស់ពួកហេសបូឡា នៅទូទាំងប្រទេសលីបង់ ។
ដែលបានសម្លាប់ជនរងគ្រោះជាង 1,100 នាក់ និងរបួសជាង 3,000 នាក់ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។

មេដឹកនាំកំពូលនៃក្រុម Hezbollah លីបង់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែល រួមទាំងមេដឹកនាំ Hassan Nasrallah ។

ក្រុមហេសបូឡា និងអ៊ីស្រាអែលបានចូលរួមនៅក្នុងសង្គ្រាមឆ្លងព្រំដែនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សជិត 41,700 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីខែតុលាឆ្នាំមុន។

ទោះជាយ៉ាងណា សហគមន៍អន្តរជាតិបានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់អាចបង្កើនជម្លោះ Gaza ទៅជាសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ៕

Leave a Reply

Your email address will not be published. Required fields are marked *