(ភ្នំពេញ)៖ សូមជម្រាបថា ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងភូមិបានណងយ៉ាកែវ និងភូមិបានណងចាន់ ឃុំគោកសួង ស្រុកគោកសួង ខេត្តស្រះកែវ ប្រទេសថៃ។
ភូមិជាប់នឹងព្រំដែនប្រទេសថៃ ទាំងពីរនេះ មានចម្ងាយជាង៤០០គីឡូម៉ែត្រ ភាគពាយ័ព្យ នៃប្រទេសកម្ពុជា។
ភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានប្រជាពលរដ្ឋខ្មែរ មកតាំងទីលំនៅប្រមាណជា៤ ទសវត្សរ៍មកហើយ តាំងពីអំឡុងទសវត្សរ៍៨០ ជាពេលវេលាខ្មែរកំពុងកើតមានសង្គ្រាមស៊ីវិល។
ជាជម្រកដែលប្រជាពលរដ្ឋខ្មែរបានរត់គេចចេញភ្លើងសង្គ្រាមស៊ីវិលដ៏ភ័យខ្លាច។
ក្នុងរយៈពេលប្រមាណ៤០ឆ្នាំ មកនេះ ប្រជាពលរដ្ឋក្នុងភូមិទាំងពីរនេះ បានកើនឡើងជាបន្តបន្ទាប់។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅភូមិព្រៃចាន់ មានប្រជាពលរដ្ឋ ២៥៥គ្រួសារ ស្មើនឹង ៧៣៧នាក់, ភូមិជោគជ័យ មានប្រជាពលរដ្ឋ ៧៣៥គ្រួសារ ស្មើនឹង ២,៥៥០គ្រួសារ។
ទសវត្សរ៍៨០ ជាពេលវេលាប្រទេសកម្ពុជា កំពុងជួបនឹងភ្លើងសង្គ្រាមស៊ីវិល និងការប្រយុទ្ធគ្នាដ៏ស្រួចស្រាវបំផុត បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំឆ្នាំ១៩៧៩ ដោយកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីនដឹកនាំគណបក្សប្រជាជនកម្ពុជា។
ក្រោយដួលរលំមេដឹកនាំរបប ប៉ុល ពត បានរត់មកពួនជ្រកនៅតាមតំបន់ជាយដែនកម្ពុជា-ថៃ ហើយរួមកម្លាំងជាមួយចលនាដឹកនាំដោយសម្តេច នរោត្តម សីហនុ និងលោកតា សឺន សាន បានរួមគ្នាវាយប្រយុទ្ធតទល់ជាមួយរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅពេលនោះ ប៉ុនប៉ងកាន់ទឹកដីឡើងវិញ។
ភ្លើងសង្គ្រាម និងយុទ្ធសាស្ត្រនយោបាយនានារបស់ចលនាតស៊ូជាយដែននាពេលនោះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើន បានរត់ភៀសខ្លួនមកតាំងទីលំនៅតំបន់ជាយដែន រហូតបង្កើតបានជាភូមិឋាននៅទីនេះ រួមមានភូមិព្រៃចាន់ និងភូមិជោគជ័យផងដែរ។
ភូមិព្រៃចាន់ និងភូមិជោគជ័យ ក្រៅពីជាកន្លែងបម្រើនដល់ការជ្រកកោនរបស់ពលរដ្ឋខ្មែរហើយនោះ ក៏ជាតំបន់សមរភូមិមួយដ៏ខ្លាំងក្លាផងដែរ ប្រតិបត្តិការសឹកនៅតំបន់នេះ បានបន្សល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន។
ក្រោយពេលខ្មែររកបានកិច្ចព្រមព្រៀងឈានទៅរកការឈប់ប្រយុទ្ធគ្នា គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប្រជាពលរដ្ឋខ្មែរដែលភៀសខ្លួនមករស់នៅទីនេះ មិនបានចាកចេញទៅណានោះឡើយ ហើយបន្តរស់នៅទីនេះរហូតមកដល់ពេលបច្ចុប្បន្ន។
អ្នកភូមិព្រៃចាន់ និងអ្នកភូមិជោគជ័យ បានតស៊ូរស់ជាមួយសំណល់នៃភ្លើងសង្គ្រាម រួមមានដូចជាគ្រាប់មីន និងការលំបាកនានាជាច្រើនទៀត។
ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានអាជ្ញាធរកម្ពុជា ប្រតិបត្តិការបោសសំអាតមីនយកដីជូនប្រជាពលរដ្ឋរស់នៅ និងធ្វើស្រែចម្ការប្រកបដោយសុខសុវត្ថិភាពរហូតមកដល់ពេលបច្ចុប្បន្ន។
បើទោះបីយ៉ាងនេះក្តី បច្ចុប្បន្ននេះនៅមានផ្ទៃដីមួយចំនួនមិនទាន់បានបោសសំអាតមីននៅឡើយទេ។
រាប់ចាប់តាំងពីការចាប់ផ្តើមរត់ភៀសខ្លួន រស់នៅក្នុងជំរំភៀសខ្លួន រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរហូតដល់ការបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយនយោបាយឈ្នះ-ឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះ ប្រជាពលរដ្ឋក្នុងភូមិជោគជ័យ និងព្រៃចាន់ និងភូមិមួយចំនួនទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនេះ បានតស៊ូក្រាញននៀល និងជម្នះការលំបាកយ៉ាងច្រើនមិនអាចគណនានោះឡើយ ដូចជាការប្រឹងរស់ជាមួយភាពអត់ឃ្លាន ការគេចពីទម្ងន់គ្រាប់ផ្លោងរវាងខ្មែរ និងខ្មែរ និងការរស់នៅជាមួយគ្រាប់មីនជាដើម។
ជាផលបុណ្យដ៏វិសេសវិសាលណាស់ ក្នុងរយៈពេលជិត៣០ឆ្នាំក្រោយការបញ្ចប់សង្គ្រាមទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ អ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ ក៏ដូចជាបណ្តាភូមិដទៃទៀតនៅជាយដែនខ្មែរ-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានប្រឹងប្រែងកសាងជីវភាពរបស់ពួកគេឱ្យបានល្អប្រសើរ និងងើបចេញពីក្តីវេទនាទាំងឡាយកាលពីអតីតកាល។
តែជាការសោកស្តាយក្នុងពេលបច្ចុប្បន្ននេះ ក្តីលំបាកវេទនាទាំងឡាយដែលអ្នកភូមិបានជួបក្នុងអតីតកាលនោះ បានវិលមកលងបន្លាចផ្លូវចិត្ត ផ្លូវកាយប្រជាពលរដ្ឋក្នុងភូមិជាថ្មី ជាពិសេសអ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ។ ចាប់ពីថ្ងៃទី១២ និង១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានបើកការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ហើយយកបន្លាលួសមកព័ទ្ធយកផ្ទះសម្បែង ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។
ទង្វើទាំងនេះ ប្រៀបដូចជាការឆ្កឹះរបួសចាស់ដែលសះជាយូរឆ្នាំមកហើយនោះ ឱ្យកើតការឈឺចាប់ជាថ្មី។
មិនត្រឹមតែយកបន្លាលួសព័ទ្ធយកផ្ទះសម្បែងតែប៉ុណ្ណោះទេ កងទ័ពថៃ បន្តប្រើយុទ្ធសាស្ត្រជាច្រើនដូចជាការគំរាមកំហែង និងការចាក់សំឡេងរំខានដំណេកពេលរាត្រីជាដើម បំណងរុញច្រានប្រជាពលរដ្ឋខ្មែរឱ្យចាកចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ។
បើទោះបីកងទ័ពថៃ ប្រើយុទ្ធសាស្ត្រជាច្រើន ដើម្បីដាក់សម្ពាធផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍យ៉ាងណាក្តី តែប្រជាពលរដ្ឋក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ បន្តក្រាញននៀល តស៊ូយ៉ាងស្វិតស្វាញបំផុតជម្នះការលំបាកជាគំនាបរបស់កងទ័ពថៃ ដើម្បីការពារផ្ទះសម្បែង និងភូមិឋានជាទីស្រឡាញ់របស់ពួកគាត់ដោយមិនចាកចេញទៅណានោះឡើយ។
តាមរយៈដំណើរជីវិតឆ្លងកាត់ឧបសគ្គដ៏ច្រើនក្នុងអតីតកាល និងការធ្វើទុក្ខបុកម្នេញនាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ គឺជាសភាវៈតំណាងឱ្យភាពរឹងមាំ តស៊ូ អត់ធ្មត់ដ៏ខ្លាំងក្លាបំផុតមិនចុះញ៉មចំពោះឧបសគ្គ និងការលំបាកទាំងឡាយនោះឡើយ៕