តំណាងអយ្យការ សម្រេចដោះលែងលោក ពេជ ពិសិដ្ឋ ដែលតាំងខ្លួនជាស៊ិន ស៊ីសាមុត ចាប់ជាតិ!

(ភ្នំពេញ)៖ ក្រោយបុគ្គល ផែង វណ្ណៈ ចាងហ្វាងសារព័ត៌មាន”ផែង វណ្ណៈញូ” ប្ដឹងចូលព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវចូលបំភ្លឺនៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ផងនោះ។

លោក ពេជ ពិសិដ្ឋ ត្រូវនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនកាលពីថ្ងៃទី០៧.០២.២០២៥ បញ្ជូនមក ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ប៉ុន្តែ ក្រោយមានការរិៈគន់ ពីមហាជន នៅថ្ងៃទី០៨.០២.២០២៥ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការអប់រំ.រួចដោះលែងលោក ពេជ ពិសិដ្ឋ ឱ្យត្រឡប់មកផ្ទះវិញ.!។
-នេះបើយោងតាម ដីកាសម្រេចដោះលែង នៅថ្ងៃទី០៨.០២.២០២៥ ដែល(ដើមរាំង)ទើបទទួលបាន..!។

សូមជម្រាបថា លោក ពេជ ពិសិដ្ឋ កើតឆ្នាំ១៩៩៥ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៧៩៣១៧០ (០១) មានអាសយដ្ឋាននៅផ្ទះលេខ១០អីពាហ្សិត ផ្លូវលេខ១៣០ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(បានតាំងខ្លួនជាលោកតា ស៊ិនស៊ី សាមុត ចាប់ជាតិ)។
ត្រូវបុគ្គល ផែង វណ្ណៈ ប្ដឹងពីបទ ញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ ប្រព្រឹត្តនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈខំមិន (comment) របស់គណនីហ្វេសប៊ុកឈ្មោះ Pich Samouth Piseth។

ក្នុងបណ្ដឹងនោះបុគ្គល ផែង វណ្ណៈ បានអះអាងថាៈ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្លួនបាទបានបង្ហោះសារ ក្នុងគណនីហ្វេសប៊ុករបស់ឈ្មោះ Pheng Vannak ស្រាប់តែមានឈ្មោះ Pich Samouth Piseth បានចូលមកខំមិន (comment) ថា ពូកាង៉ែង កុំលក់ក្បាលបម្រើយួនពេក។

ការខំមិនបែបនេះ ត្រូវដើមបណ្ដឹងចាត់ទុកថា ជាអំពើញុះញង់ដោយផ្ទាល់ តាមរយៈសំណេរ ក្នុងគោលបំណងឱ្យមានការរើសអើង ការគុំ គួន ឬការខឹងសម្បារចំពោះខ្លួន ទាំងដែលខ្លួន ពុំដែលបានប្រព្រឹត្តដូចការលើកឡើង និងការចោទប្រកាន់ របស់ឈ្មោះ ពេជ ពិសិដ្ឋ នោះឡើយ ។

ផែង វណ្ណៈ បន្តទៀតថា (comment) របស់ឈ្មោះ ពេជ ពិសិដ្ឋ ដែល មានខ្លឹមសារថា ការង៉េង គឺឈ្មោះនេះមានចេតនា ប្រើប្រាស់ពាក្យប្រមាថ ពាក្យមើលងាយ និងពាក្យទ្រគោះ មក លើរូបខ្លួនផងដែរ ។

ផែង វណ្ណៈ ចាត់ទុកថា ទង្វើនិងសកម្មភាពរបស់ឈ្មោះ ពេជ ពិសិដ្ឋ គឺជាបទញុះញង់ឱ្យមានការរើសអើង និង ជេរប្រមាថជា សាធារណៈ ស្របតាមមាត្រា ៣០៧, ៤៩៤ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ហើយបានធ្វើ ឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំយ៉ាងធ្ងន់ធ្ងរ ។

ដូច្នេះ ផែង វណ្ណៈ សុំឲ្យតុលាការផ្តន្ទាទោសឈ្មោះ ពេជ ពិសិដ្ឋ តាមផ្លូវច្បាប់ និងទាមទារសំណង រហូតដល់ទៅ៤០០លានរៀលឯណោះ…!!។

ពាក់ព័ន្ធបណ្ដឹងរបស់បុគ្គល ផែង វណ្ណៈ នេះដែរ មហាជនបានចាត់ទុកថា ផែង វណ្ណៈ កំពុងស្ពាយកាំបិតផ្គាក់ដ៏ធំ មកកាប់កូនមាន់ហើយ..!!។

ជុំវិញរឿងរ៉ាវខាងលើ មហាជនទូទៅបានសម្ដែងការអាណិតអាសូរ ចំពោះលោក ពេជ ពិសិដ្ឋ ក្រោយឃើញ ពេជ ពិសិដ្ឋ ជិៈកង់ចូលបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី០៧.០២.២០២៥ ហើយក៏ត្រូវឃាត់ខ្លួន។

យ៉ាងណាក៏ដោយ បន្ទាប់ពីផ្ទុះការរិៈគន់ពីមហាជន លោក ពេជ ពិសិដ្ឋ ក៏ត្រូវបានដោះលែងវិញ នៅថ្ងៃទី០៨.០២.២០២៥៕

Leave a Reply

Your email address will not be published. Required fields are marked *