(ប៉ៃលិន)៖ របាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តប៉ៃលិន បានឱ្យដឹងថា នៅវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្ត បើកបរលឿនទៅបុកម៉ូតូនិងមនុស្ស ស្ថិតនៅលេីផ្លូវជាតិលេខ៥៧ គីឡូម៉ែត្រលេខ៦០ក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីលិចទៅកើត នៅចំណុចរោងចក្រសុីភី ក្នុងភូមិអូររអិល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បណ្ដាលឱ្យមនុស្សស្លាប់ ០៣នាក់ នៅនឹងកន្លែងកើតហេតុ ខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿង និងខូចរថយន្តកម្រិតធ្ងន់០១គ្រឿង។
មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តបានបន្តថា រថយន្តបង្កនៅកន្លែងកើតហេតុ តែម្ចាស់រថយន្តចុះមើលកន្លែងកើតហេតុឃើញមនុស្សដេកដួលលើផ្លូវក៏រត់គេចខ្លួនបាត់ ទុករថយន្តម៉ាក Toyota TUNDRA ពណ៌ប្រផេះ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-9081 នៅនឹងកន្លែងកើតហេតុ។
នគរបាលជំនាញបានបន្តទៀតថា÷ ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ហេង យីហុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង០២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ សរុបអ្នកស្លាប់០៣ នាក់ ខូចខាតម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1FC-0771 ហើយសាកសពកំពុងស្វែងរកសាច់ញាតិ។
បច្ចុប្បន្ន កម្លាំងជំនាញចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវ ចំណែកម៉ូតូនិងរថយន្ត យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ រង់ចាំធ្វើការដោះស្រាយតាមច្បាប់៕