ក្នុងប្រតិបត្តិការទូទាំង៣២ខេត្ត នៃប្រទេសតួកគី បានចាប់ខ្លួនមនុស្ស៣០៤នាក់ ជាប់សង្ស័យមានទំនាក់ទំនងជាក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។
នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Ali Yerlikaya នៅថ្ងៃសុក្រទី២២ខែធ្នូ។
លោក Yerlikaya បានឲ្យដឹងថា ប្រតិបត្តិការ Operation Heroes-34 គឺធ្វើឡើងទូទាំងប្រទេស ហើយជាលទ្ធផល ជនសង្ស័យត្រូវបានចាប់ខ្លួន ខណៈភាគច្រើនត្រូវនាំយកទៅឃុំឃាំងនៅទីក្រុងអង់ការ៉ា អ៊ីស្តង់ប៊ុល និងអ៊ីស្មៀរ។
លោកប្រកាសក្តែងៗថា “យើងនឹងមិនអនុញ្ញាតឲ្យក្រុមភេរវករណាមួយ បំផ្លាញសន្តិភាពនិងសាមគ្គីភាពរបស់ប្រជាជនយើងបានជាដាច់ខាត ហើយយើងនឹងបន្តប្រយុទ្ធខ្លាំងដៃបំផុត”។
លើសពីនេះ តួកគី បានសម្រុកវាយប្រហារដោយមិនដកដៃលើគណបក្សកម្មករឃើដ (PKK) ដែលខ្លួនចាត់ទុកជាអង្គការភេរវករ ទាំងក្នុងប្រទេសនិងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ក្រុមរដ្ឋឥស្លាម គ្រប់គ្រងបានមួយភាគបីនៃប្រទេសអ៊ីរ៉ាក់និងស៊ីរី ពេលដែលសកម្មភាពរបស់ពួកគេឈានដល់ចំណុចកំពូលក្នុងឆ្នាំ២០១៤ ។
ប៉ុន្តែក្រោយមក ទោះបីជាក្រុមនេះ ត្រូវរងការបរាជ័យស្ពឹកមុខក៏ដោយ ប៉ុន្តែពួកគេនៅតែប្រមែប្រមូលកម្លាំង ដើម្បីបន្តការវាយប្រហារដដែល។
ពួកគេបានបើកការវាយប្រហារម្តងហើយម្តងទៀត នៅទូទាំងប្រទេសតួកគី រួមមានដូចជានៅក្លិបរាត្រីក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៧ ដែលសម្លាប់មនុស្ស៣៩នាក់ជាដើម៕