(ស្វាយរៀង)៖ ព្រះសង្ឃបានប្រមូលសំរាមដុត ហើយចូលសឹងអស់! លុះយប់ឡើងភ្លើងបានឆាបឆេះរាលដាលដល់ រោងដាក់ឈើក្នុងបរិវេណវត្ត បណ្ដាលឱ្យឆេះយ៉ាងសន្ធៅសន្ធៅទាំងកណ្តាលយប់។
អគ្គិភ័យនេះបានកើតឡើង នៅភូមិ/ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ។
សមត្ថកិច្ចពេលជួយអន្តរាគមន៍បានឱ្យដឹងថា កាលពីព្រលប់ព្រះសង្ឃគង់ក្នុងវត្ត បានប្រមូលសំរាមដុត។
ម៉ោងប្រមាណ៩យប់ព្រះសង្ឃបានឡើងទៅសឹងលើកុដិបាត់អស់ លុះដល់កណ្តាលយប់ភ្លើង បានឆាបឆេះរាលដាលដល់រោងដាក់ឈើ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ពេលនោះព្រះសង្ឃភ្ញាក់ឡើងមកពន្លត់ ហើយបានក៏រាយការណ៍ទៅសុំជំនួយពីអាជ្ញាធរ។
សមត្ថកិច្ចបានចុះជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកអស់ប្រមាណជាង២០រថយន្តទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុង។
ប្រភពដដែលបានបន្តថា អគ្គិភ័យនេះមិនបានរាលដាលដល់កុដិ ឬសមិទ្ធផលផ្សេងៗក្នុងវត្ត និងមិនគ្រោះថ្នាក់ដល់មនុស្សទេ។
គឺឆេះតែរោងដាក់ឈើ ដែលទុកប្រើប្រាស់ការងារវត្តអស់ស្ទើរទាំងស្រុង។
ចំពោះទំហំនៃការខូចខាតឈើ មិនទាន់ដឹងពីចំនួននៅឡើយព្រោះសមត្ថកិច្ចកំពុងស៊ើបសួរ៕